សហរដ្ឋអាមេរិក ៖ គណៈកម្មការអឺរ៉ុបបានបង្ហាញរបាយការណ៍មួយថា អាមេរិកបាននាំចេញឧស្ម័នធម្មជាតិរាវ (LNG) ទៅកាន់សហភាពអឺរ៉ុប (EU) កើនឡើងទ្វេដងក្នុងរយៈពេល១១ខែដំបូងឆ្នាំ២០២២ (ចាប់ពីខែមករា ដល់ខែវិច្ឆិកា) បើធៀបនឹងឆ្នាំ២០២១ ។
ជាមួយគ្នានេះ សហភាពអឺរ៉ុបបាននាំចូលឧស្ម័នធម្មជាតិរាវចំនួន៥២.០០០លានម៉ែត្រគូបពីអាមេរិកតាំងពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ សហភាពអឺរ៉ុបនាំចូលឧស្ម័នធម្មជាតិ LNG ចំនួន២២.០០០លានម៉ែត្រគូប ។
សហភាពអឺរ៉ុបបានធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិកកាលពីឆ្នាំមុន ដើម្បីបង្កើនការនាំចូលឧស្ម័នធម្មជាតិ LNG បន្ទាប់ពីសហភាពអឺរ៉ុបសម្រេចចិត្តកាត់បន្ថយការទិញឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី ។ ក្រៅពីនេះ កាលពីខែធ្នូឆ្នាំមុន អាល្លឺម៉ង់ជាអ្នកប្រើប្រាស់ឧស្ម័នធម្មជាតិច្រើននៅសហភាពអឺរ៉ុប បានបើកឱ្យប្រើប្រាស់ស្ថានីយទទួលឧស្ម័នធម្មជាតិអណ្តែតទឹកដំបូងគេ ហើយកាលពីដើមខែមករាឆ្នាំនេះ ស្ថានីយខាងលើរបស់អាល្លឺម៉ង់បានទទួលនាវាផ្ទុកហ្គាស LNG ពីអាមេរិក ។
សារព័ត៌មាន Bloomberg រាយការណ៍ថា តម្រូវការប្រើប្រាស់ថាមពលបានកើនឡើងនៅអឺរ៉ុប ដែលធ្វើឱ្យអាមេរិកនាំចេញឧស្ម័នធម្មជាតិ LNG កើនឡើងនៅឆ្នាំ២០២២ ហើយអាមេរិកបានក្លាយជាអ្នកនាំចេញឧស្ម័នធម្មជាតិ LNG ដ៏ធំក្នុងពិភពលោក ។
ទីភ្នាក់ងារព័ត៌មានថាមពលសហរដ្ឋអាមេរិកថា ក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២២ អាមេរិកបាននាំចេញឧស្ម័នធម្មជាតិរាវ និងបង្កើតប្រាក់ចំណូលចំនួន៣៥.០០០លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ទទួលបានប្រាក់ចំណូល៨៣០០លានដុល្លារអាមេរិក ។
អ្នកវិភាគរបស់ Kpler ជាក្រុមហ៊ុនវិភាគទិន្នន័យរបស់សហភាពអឺរ៉ុបប៉ាន់ស្មានថា ការនាំចេញឧស្ម័នធម្មជាតិ LNG របស់អាមេរិកនឹងលូតលាស់ជាបន្តបន្ទាប់នៅឆ្នាំ២០២៣នេះ ស្របតាមតម្រូវការរបស់អឺរ៉ុបដើម្បីមានថាមពលប្រើប្រាស់គ្រប់គ្រាន់ក្នុងរដូវត្រជាក់ ៕
ប្រភព ៖ TNN World










