ទីក្រុងប៊្រុចសែល៖ ស្របពេលបណ្ដាប្រទេសបស្ចិមលោកមួយចំនួន មានគម្រោងបញ្ជូនរថក្រោះរបស់លោកខាងលិច ទៅជួយដល់ប្រទេសអ៊ុយក្រែន នោះមក ប្រមុខអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ «ណាតូ» ក៏បានស្នើដល់ប្រទេសជាសម្ពន្ធមិត្តរបស់អង្គការយោធាដ៏ខ្លាំងក្លាមួយនេះ ត្រូវតែបញ្ជូនគ្រឿងសឹកធុនធ្ងន់បន្ថែមទៀត ទៅជួយដល់ក្រុងកៀវ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បានបញ្ជាក់ ថា គ្រឿងសព្វាវុធជាច្រើនបន្ថែមទៀត នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ក្រោយពេលចក្រភពអង់គ្លេស បានសន្យាផ្ដល់រថក្រោះ ប្រភេទ Challenger 2 ជាច្រើនគ្រឿង ទៅជួយដល់ក្រុងកៀវ។
លោកប្រធានអង្គការណាតូ បានប្រាប់ដល់សារព័ត៌មាន Handelsblatt Daily (ហែនដែលសប្លាត ដេលី) នៅមុនកិច្ចប្រជុំ នៃក្រុមរដ្ឋមន្រ្ដីក្រសួងការពារជាតិ មកពីប្លុកលោកសេរី ពាក់ព័ន្ធនឹងកិច្ចសម្របសម្រួលផ្ទេរគ្រឿងសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែន ថា «ការសន្យាផ្ដល់គ្រឿងសឹកធុនធ្ងន់ កាលពីពេលថ្មីៗនេះ គឺមានសារសំខាន់ខ្លាំងណាស់ ហើយខ្ញុំរំពឹង ថា នាពេលខាងមុខដ៏ខ្លីនេះ គ្រឿងសព្វាវុធបន្ថែម នឹងត្រូវបញ្ជូនទៅកាន់ក្រុងកៀវ។ ប៉ុន្ដែអ្វីដែលអង្គការណាតូ សំអាង ដោយសារតែក្រុមទំនាក់ទំនងការពារអ៊ុយក្រែន បានកំណត់កិច្ចប្រជុំលើកទី៣របស់ខ្លួន នៅថ្ងៃសុក្រ នៅក្នុងមូលដ្ឋានកងទ័ពអាកាសរបស់ សហរដ្ឋអាមេរិក Ramstain (រ៉ាមស្ដេន) ស្ថិតក្នុងប្រទេសអាល្លឺម៉ង់»។
លោកប្រមុខអង្គការណាតូ បានសង្កត់ធ្ងន់ ថា« យើងស្ថិតក្នុងដំណាក់កាល នៃការសម្រេចចិត្តធ្វើសង្គ្រាម ហើយយើងកំពុងតែប្រយុទ្ធយ៉ាងខ្លាំង។ ដូច្នេះវាជារឿងសំខាន់ខ្លាំងណាស់ ដែលយើងត្រូវតែផ្ដល់អាវុធធុនធ្ងន់ ទៅឲ្យអ៊ុយក្រែន។ ក្រុងកៀវ ត្រូវតែឈ្នះសង្គ្រាមនេះ ហើយដើម្បីធ្វើឲ្យប្រទេសមួយនេះ ក្លាយជារដ្ឋឯករាជ្យបន្ដទៀត»។
លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ មុន បានអំពាវនាវ ស្នើសុំអាវុធធុនធ្ងន់របស់ប្រទេសលោកខាងលិច។ លោកប្រធានាធិបតី បានអះអាង ថា អ៊ុយក្រែន ត្រូវតែបញ្ចប់រដ្ឋភេរវកម្មរុស្ស៊ី នៅលើសមរភូមិប្រយុទ្ធ។
មេដឹនាំក្រុងកៀវ បានថ្លែងបែបនេះភ្លាមៗ ក្រោយពេលលោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានសន្យាផ្ដល់រថក្រោះ Challenger 2 ជាច្រើនគ្រឿង ដល់ប្រទេសអ៊ុយក្រែន។ ការសម្រេចចិត្តរបស់ក្រុងឡុងដ៍ ធ្វើឲ្យចក្រភពអង់គ្លេស ក្លាយជាប្រទេសលោកខាងលិច ផ្ដល់រថក្រោះធុនធ្ងន់ ជួយដល់ក្រុងកៀវ។
ប្រទេសប៉ូឡូញ និង ហ្វាំងឡង់ដ៍ ក៏បានបង្ហាញ អំពីឆន្ទៈរបស់ខ្លួន នៅក្នុងការផ្តល់រថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ ទៅឲ្យអ៊ុយក្រែន។ ការសម្រេចចិត្តរបស់ប្រទេសទាំង២នេះ កំពុងតែបង្កើនសម្ពាធ ទៅលើលើលោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ និង រដ្ឋាភិបាលចម្រុះរបស់គាត់។
វិទ្យាស្ថានសិក្សាពីសង្គ្រាម មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា « កងទ័ពអ៊ុយក្រែន មិនទំនងជាអាចរក្សាទីតាំង ឈរជើង នៅក្នុងទីក្រុងសូឡេដា (Soledar) បានឡើយ»៕










