ទីក្រុងតៃប៉ិ៖ ការបង្កើនសកម្មភាពយោធារបស់ក្រុងប៉េកាំង នៅច្រកសមុទ្រតៃវ៉ាន់ កំពុងតែបង្កនូវក្ដីព្រួយបារម្ភយ៉ាងខ្លាំង ពីក្រុងតៃប៉ិ និង បណ្ដាប្រទេសមហាអំណាចលោកខាងលិច ហើយឥឡូវនេះ ប្រមុខការទូតតៃវ៉ាន់ បានជំរុញឲ្យសហគមន៍អន្ដរជាតិ បង្កើនកិច្ចគាំទ្របន្ថែមទៀត សម្រាប់សន្ដិសុខ ដល់ដែនកោះគ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ។
សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៦ ខែមករា ថា លោក ចូ សេហ្វ វូ (Joseph Wu) រដ្ឋមន្រ្ដីក្រសួងការបរទេសតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ បានផ្ដល់បទសម្ភាសន៍មួយ ជាមួយនឹងបណ្ដាញផ្សព្វផ្សាយរបស់កាណាដា CBC ដោយបានជំរុញឲ្យសហគមន៍អន្ដរជាតិ ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត ចំពោះច្រកសមុទ្រតៃវ៉ាន់។
លោកប្រមុខការទូតតៃវ៉ាន់ រូបនេះ បានបញ្ជាក់ ថា«យើងត្រូវការបណ្ដាប្រទេស ប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ មកពីជុំវិញពិភពលោក ត្រួតពិនិត្យមើលស្ថានភាព នៅក្នុងតំបន់នេះ។ ដូច្នេះយើងអាចក្រោកឈរឡើង ហើយនិយាយ ប្រឆាំងដាច់ខាត ចំពោះការពង្រីកទឹកដីនិយមរបស់ក្រុងប៉េកាំង។ យន្តហោះយោធារបស់ចិន បានហោះហើរ ឆ្លងកាត់ខ្សែបន្ទាត់មធ្យម នៃច្រកសមុទ្រតៃវ៉ាន់ ហើយចូលមកក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ ស្របពេលនាវាចម្បាំងរបស់កងទ័ពជើងទឹកចិន ធ្វើប្រតិបត្តិការ នៅជុំវិញដែនកោះមួយនេះ»។
លោករដ្ឋមន្រ្ដីក្រសួងការបរទេសតៃវ៉ាន់ បានអះអាងទៀត ថា បន្ថែមពីលើនេះ ចិន តែងតែប្រើប្រាស់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត សង្គ្រាមចិត្តសាស្រ្ដ និង ការវាយប្រហារតាមអ៊ីនធើរណេត ប្រឆាំងនឹងតៃវ៉ាន់។ បញ្ហានេះ កំពុងតែបង្កនូវការគំរាមកំហែងយ៉ាងខ្លាំងក្លាធ្ងន់ធ្ងរបំផុត។
លោក Wu បានបន្ថែម ថា «កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី ជប៉ុន និង ដៃគូផ្សេងៗទៀតទាំងអស់ បានប្រឆាំងនឹងការផ្លាស់ប្តូរជាឯកតោភាគី ចំពោះស្ថានភាព នៅក្នុងតំបន់ ហើយយើងសង្ឃឹម ថា សហគមន៍អន្តរជាតិ ជាពិសេស នៅក្នុងចំណោមប្រទេសប្រជាធិបតេយ្យ នឹងរួបរួមគ្នាបន្ត ប្រាប់ចិន ថា ពួកគេមិនគួរងាក ទៅប្រើកម្លាំងយោធា ប្រឆាំងនឹងប្រទេសណានោះឡើយ»។
លោកប្រមុខការទូតតៃវ៉ាន់ បានបន្ដ ថា បច្ចុប្បន្ន តៃវ៉ាន់ កំពុងតែបង្កើននូវសមត្ថភាពការពារខ្លួនឯង រារាំង និង អនុវត្តនូវកំណែទម្រង់យោធារបស់ដែនកោះមួយនេះ។ ប៉ុន្ដែទោះជាយ៉ាងណា លោករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ ថា «សង្គ្រាម គឺជាការបំផ្លាញហើយធ្ងន់ធ្ងរ ហើយសង្គ្រាម ជាអ្វីដែលយើងមិនចង់បាន ឬ ចង់ឃើញ។ ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន នោះ តៃវ៉ាន់ បានដឹង ថា ការប្តេជ្ញាចិត្តរបស់អ៊ុយក្រែន ជាកត្តាកំណត់ដ៏សំខាន់ នៅក្នុងការសម្រេចលើលទ្ធផលសង្គ្រាម។ ជាមួយគ្នានេះ តៃវ៉ាន់ ក៏បានលើកឡើង អំពីប្រសិទ្ធភាព នៃយុទ្ធសាស្ត្រមិនស៊ីមេទ្រីរបស់អ៊ុយក្រែន ប្រឆាំងនឹងយោធាដ៏មានឥទ្ធិពលបំផុតមួយ នៅក្នុងពិភពលោក ដោយការគាំទ្រជាសកលដ៏ខ្លាំងក្លាបំផុត»។
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីខែសីហា ឆ្នាំ២០២២ បានអនុម័តនូវកញ្ចប់គ្រឿងសព្វាវុធ មានទំហំទឹកប្រាក់ ១,១ពាន់លានដុល្លារ សម្រាប់តៃវ៉ាន់ ក្រោយពេលមានភាពតានតឹតជាមួយនឹងតៃវ៉ាន់ នៅច្រកសមុទ្រតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេររិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) នៅក្នុងទីក្រុងតៃប៉ិ ចន្លោះពីថ្ងៃទី២-៣ ខែសីហា។ កញ្ចប់គ្រឿងសព្វាវុធទាំងនោះ មានទាំងកម្មវិធីរ៉ាដាស៊ើបការណ៍សម្ងាត់, មីស៊ីល Harpoon ចំនួន៦០ដើម ផលិតដោយក្រុមហ៊ុន Boeing និង មីស៊ីលបាញ់ពីលើអាកាសតាក់តិក ប្រភេទ Sidewinder ចំនួន១០០ដើម ផលិតដោយក្រុមហ៊ុនរ៉ៃថុន (Raytheon) ។
ទន្ទឹមគ្នានេះ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែធ្នូ បានចុះហត្ថលេខាលើច្បាប់អនុញ្ញាតការពារជាតិ (National Defense Authorization Act) ដោយបានបែងចែកប្រាក់ ចំនួន១០ពាន់លានដុល្លារ សម្រាប់ជំនួយសន្ដិសុខ សម្រាប់កោះតៃវ៉ាន់ នៅក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត។ សកម្មភាពរបស់ក្រុងវ៉ាស៊ីនតោន បានផ្ដល់មាគ៌ាមួយបន្ថែមទៀត សម្រាប់ការផ្ទេរគ្រឿងសឹកចម្បាំង បន្ថែមពីការលក់គ្រឿងយុទ្ធោបករណ៍ទំនើបៗ ដល់ក្រុងតៃប៉ិ។![]()
ច្បាប់នេះ ក៏ផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតីសហរដ្ឋអាមេរិក អាចបង្ហូរគ្រឿងយុទ្ធភណ្ឌ ដែលមានស្រាប់ ចេញពីឃ្លាំងអាវុធរបស់កងទ័ពអាមេរិក សម្រាប់ផ្ទេរទៅកោះតៃវ៉ាន់ នៅក្នុងករណីមានការវាយប្រហារពីប្រទេសចិន ឬ សកម្មភាពឈ្លានពានណាមួយ មានលក្ខណៈស្រដៀងទៅនឹងអ្វីដែលរដ្ឋបាលរបស់លោក Biden កំពុងតែធ្វើ សម្រាប់អ៊ុយក្រែន។
ការបង្កើនសមត្ថភាពការពារជាតិរបស់តៃវ៉ាន់ កំពុងតែក្លាយជាអាទិភាពបន្ទាន់មួយ សម្រាប់សហរដ្ឋអាមេរិក ក្រោយពេលក្រុមមន្រ្ដីជាន់ខ្ពស់ នៃមន្ទីរបញ្ចកោណ បានព្រមាន ថា កងទ័ពចិន កំពុងតែធ្វើដំណើរឆ្ពោះទៅមុខ បង្កើនសមត្ថភាព វាយប្រហារទៅលើតៃវ៉ាន់ នៅក្នុងឆ្នាំ២០២៧៕










