អន្តរជាតិ៖ ក្រុមហ៊ុនផលិតសព្វាវុធធំៗរបស់លោកខាងលិចដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់យោធាដល់អ៊ុយក្រែនរកបានប្រាក់ចំណូល ១២៤ពាន់លានដុល្លារកាលពីឆ្នាំ២០២២។
វិស័យឧស្សាហកម្មយោធា និងការពារជាតិដ៏ធំបំផុតនៃរដ្ឋសមាជិកណាតូ បានឃើញតម្លៃទីផ្សាររបស់ពួកគេកើនឡើង ២១.៥ភាគរយ នៅឆ្នាំ២០២២ ចំពេលមានជម្លោះអូសបន្លាយក្នុងប្រទេសអ៊ុយក្រែន និងប្រតិបត្តិការជួសជុលអាវុធដ៏ខ្លាំងក្លានៅអឺរ៉ុបខាងលិច។
គេហទំព័រ ឌីហ្វេន ញ៉ូវ (Defense News) និង ត្រាដីងវីញ៉ូវ (Tradingview) បានផ្សាយថា តាមការប៉ាន់ប្រមាណថាមូលធននីយកម្មទីផ្សាររួមនៃសាជីវកម្មបានកើនឡើងពី ៥៧៩ ពាន់លានដុល្លារក្នុងខែធ្នូ ឆ្នាំ២០២១ កើន ដល់៧០៣ពាន់លានដុល្លារក្នុងខែធ្នូ ឆ្នាំ២០២២។
ចំណាត់ថ្នាក់នេះរួមមានក្រុមហ៊ុនចំនួន ២៥ ដែលមានមូលធនប័ត្រទីផ្សារជាង ១ពាន់លានដុល្លារដែលត្រូវបានជួញដូរនៅលើទីផ្សារភាគហ៊ុន និងមានផលិតផលយោធាគ្របដណ្តប់លើប្រាក់ចំណូលរបស់ពួកគេ ក៏ដូចជាឈ្មោះដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។
អ្នកនិពន្ធនៃរបាយការណ៍បានដាក់ឈ្មោះក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ រ៉ែនមេថល (Rheinmetall) ជាក្រុមហ៊ុនដែលមានការកើនឡើងតម្លៃទីផ្សារខ្ពស់បំផុតក្នុងរយៈពេល ១២ខែចុងក្រោយនេះ ជាមួយនឹងការកើនឡើងតម្លៃភាគហ៊ុន ១២២ភាគរយ ។
ក្រុមហ៊ុនផលិតដ្រូន និងរ៉ុក្កែតរបស់បារាំងឈ្មោះ ថាលេស (Thales) បានឃើញការកើនឡើង ៥៤ភាគរយ នៅក្នុងតម្លៃទីផ្សារ។ក្រុមហ៊ុនម៉ៅការការពារជាតិអាមេរិក ណតរ៉ូប គ្រូមែន (Northrop Grumman) បានកើនឡើង ៤៤ភាគរយ ខណៈដែលភាគហ៊ុននៃក្រុមហ៊ុនផលិតឧបករណ៍បាញ់រ៉ុក្កែត ហ៊ឺម៉ាស់ ឡុកហេដ ម៉ាទីន (HIMARS Lockheed Martin) បានកើនឡើង៤២ភាគរយ ៕










