ភ្នំពេញ៖ រដ្ឋាភិបាលអ៊ុយក្រែន បានសម្រេចបញ្ជូនមន្ត្រីជំនាញសកម្មភាពមីនរបស់ខ្លួន មកធ្វើទស្សនកិច្ចសិក្សា និងហ្វឹកហ្វឺនពីជំនាញបោសសំអាតគ្រាប់មីនពីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។

ការសិក្សា និងហ្វឹកហ្វឺនជំនាញបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់មន្ត្រីអ៊ុយក្រែននេះ គាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ សកម្មភាពមីនមនុស្សធម៌លើវិស័យដោះមីននេះ កើតចេញពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ក្នុងជំនួបទ្វេភាគី ក្នុងកំឡុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សេចក្តីប្រកាសព័ត៌មានរបស់ CMAC បានបញ្ជាក់ថា ផលប៉ះពាល់នៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ លើទឹកដីអ៊ុយក្រែន ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិត និងកំពុងក្លាយជាឧបសគ្គសម្រាប់ប្រជាជនអ៊ុយក្រែ​ន ហើយកិច្ចខិតខំប្រឹងប្រែងបោសសម្អាតទាមទារ ឱ្យមានការតស៊ូ និងការអត់ធ្មត់ ដោយត្រូវការពេលវេលាយូរ ដើម្បីសុវត្ថិភាព និងស្តារជីវភាពឡើងវិញរបស់ប្រជាពលរដ្ឋអ៊ុយក្រែន។

ប្រទេសកម្ពុជា ឆ្លងកាត់សង្រ្គាមជាច្រើនទស្សវត្សរ៍ ដែលបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រាប់លានគ្រាប់រាយប៉ាយនៅទូទាំងប្រទេស។ ដោយសារតែបទពិសោធន៍ និងការឈឺចាប់នៃផលប៉ះពាល់ដោយសារសង្គ្រាម ដែលបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការ លើវិស័យសកម្មភាពមីន ជាសកម្មភាពមនុស្សធម៌ មានសារៈសំខាន់សម្រាប់ជួយដល់ប្រទេស និងប្រជាជនអ៊ុយក្រែន ដែលកំពុងរងគ្រោះដោយសារសង្គ្រាម ដូចកម្ពុជាកាលពីជាង ៣០ឆ្នាំមុនដែរ។

សូមជម្រាបថា មន្ត្រីជំនាញសកម្មភាពមីនរបស់អ៊ុយក្រែនចំនួនប្រមាណ ១៥រូប នឹងត្រូវចាប់ផ្តើមហ្វឹកហ្វឺនជំនាញដោះមីន រយៈពេលពេញមួយសប្តាហ៍ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំង និងធ្វើទស្សនកិច្ច តាមការដ្ឋានដោះមីន នៅខេត្តបាត់ដំបង និងសៀមរាបជាដើ​ម។

សូមបញ្ជាក់ផងដែរថា អង្គភាព CMAC គឺជាអង្គភាពបោសសម្អាតមីន គ្រាំទ្រសកម្មភាពមនុស្សធម៌ ដែលមានវ័យចំណាស់ និងធំជាងគេបង្អស់នៅលើពិភពលោក។ សម្រាប់ការហ្វឹកហ្វឺនជំនាញដោះមីន ដល់សិក្ខាកាមអន្តរជាតិនេះ មិនមែនជាលើកទី១ សម្រាប់មន្ត្រីអ៊ុយក្រែនទេ កន្លងមកដោយមានការគាំទ្រដោយរដ្ឋាភិបាល និងប្រជាជនជប៉ុន អង្គភាព CMAC ធ្លាប់បានហ្វឹកហ្វឺនការដោះមីន ដល់ប្រទេសជាច្រើនដូចជា កូឡុំប៊ី, អ៉ីរ៉ាក់, អង់ហ្គោឡា និងឡាវជាដើម៕