អ្នកនាង ស្វែង សុជាតា តារាសម្ដែងស្រីជើងចាស់ដែលធ្លាប់តែមានប្រជាប្រិយភាព និងទទួលបានការស្រឡាញ់ពីអ្នកគាំទ្រគ្រប់គ្នា ស្រាប់តែរងការរិះគន់ពេញបណ្ដាញសង្គមដោយសារបានលើកដៃសុំឱ្យមហាជនដែលជាហ្វេនជួយវេរលុយចូលគណនី ABA ដើម្បីបានហុងស៊ុយហេងៗឆ្នាំថ្មី។
មូលហេតុដែលធ្វើឱ្យអ្នកនាង ស្វែង សុជាតា ហ៊ានចេញមុខក្នុងវីដេអូដៃសុំអ្នកគាំទ្រវេរលុយចូលកុងធនាគាររបស់ខ្លួននោះ អ្នកនាងបានបញ្ជាក់ថា កុងធនាគារ ABA របស់អ្នកនាងបានបិទដំណើរការណ៍តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ ព្រោះអ្នកនាងនិងគ្រួសារមានបញ្ហាចម្រូងចម្រាងមិនចុះសម្រុងគ្នា។ ដូច្នេះហើយ ដើមឆ្នាំ ២០២៣នេះ អ្នកនាងចង់បានលាភនាំសំណាងពីអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសជាកាដូវេរលុយនៅក្នុងកុងធនាគារ ABA របស់ខ្លួន។ អ្នកនាងថា តាំងពីចូលប្រលូកអាជីពសិល្បៈអស់រយៈពេលជាង២០ឆ្នាំមកនេះ អ្នកនាងមិនបានសុំអ្វីពីហ្វេននោះទេ ក្រៅពីការសុំគាំទ្រ។ ដើម្បីបានហុងស៊ុយទើបអ្នកនាងដាច់ចិត្តសុំពីអ្នកគាំទ្របែបនេះ។
ករណីសុំវេរលុយយកហុងស៊ុយនេះ ត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមជាមួយបានស្ដីបន្ទោសឱ្យអ្នកនាង ស្វែង សុជាតា ថាជាកំពូលតារាសម្ដែងនឹងគេដែរ បែរធ្វើទង្វើអ្វីថ្មីមិនសមនឹងឈ្មោះ។ ក៏ប៉ុន្តែក៏មានអ្នកគាំទ្រពិតរបស់អ្នកនាងមួយចំនួនទៀត បានវេរលុយចូលកុងធនាគាររបស់អ្នកនាងដែលពួកគេបញ្ជាក់ថា ទឹកប្រាក់ទាំងអស់នេះគឺជាទឹកចិត្តស្រឡាញ់ចេញពីអ្នកគាំទ្រ។ តារាសម្ដែងស្រីរូបនេះបានបង្ហាញពីចំនួនទឹកប្រាក់ដែលអ្នកនាងទទួលបានពីហ្វេនអ្នកគាំទ្រទាំងអស់បង្ហោះដោយមិនលាក់លៀម ហើយអ្នកនាងអគុណទឹកចិត្តប្រពៃរបស់ហ្វេនគ្រប់គ្នាដែលបានផ្ដល់លាភសំណាងក្នុងឆ្នាំនេះជូនដល់អ្នកនាង។
អ្នកនាង ស្វែង សុជាតា បានទទួលស្គាល់ថា ខ្លួនកំពុងរងការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងបណ្ដាញសង្គម ប៉ុន្តែអ្នកនាងចាត់ទុកថា រឿងសុំកាដូអាំងប៉ាវបានហុងស៊ុយពីហ្វេនអ្នកគាំទ្រ មិនមែនជារឿងខុសឆ្គងទេ ប៉ុន្តែកុំឱ្យតែអ្នកនាងប្រព្រឹត្តិទង្វើបោកប្រាស់គេ ទើបសមទទួលការថ្កល់ទោសពីមហាជន៕










