រដ្ឋធានីណៃពិដោរ៖ ស្របពេលមីយ៉ាន់ម៉ា កំពុងតែធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយ កាន់តែជ្រៅៗទៅ ក្រោយអំពីរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយឥឡូវនេះ ក៏មានសេចក្ដីរាយការណ៍ជាបន្ដបន្ទាប់ អំពីកងទ័ពរបបសឹកមួយនេះ កំពុងតែប្រព្រឹត្ដអំពើឃោរឃៅ ខណៈសភាប្រជាជាតិអាស៊ាន ជំរុញឲ្យរដ្ឋាភិបាលថៃ បើកការស៊ើបអង្កេត ទៅលើលើទំនាក់ទំនងបណ្ដាញឧក្រិដ្ឋកម្មរបស់មេដឹករបបយោធា នៅក្នុងប្រទេសនេះ។
សារព័ត៌មានភូមា The Irrawaddy បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ថា សមាជិកសភាអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (APHR) បានអំពាវនាវឱ្យរដ្ឋាភិបាលថៃ បើកការស៊ើបអង្កេត អំពីទំនាក់ទំនងរបស់ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោកឧត្ដមសេនីយ៍ មីន អ៊ោង ហ្លាង (Min Aung Hlaing) ជាមួយនឹងឈ្មួញកណ្តាលលក់គ្រឿងសព្វាវុធរបស់ភូមា ដែលត្រូវបានចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២២ នៅក្នុងរាជធានីបាងកក។
លោក ទុន មីន ឡាត (Tun Min Latt) អាយុ៥៣ឆ្នាំ ជាឈ្មួលកណ្ដាលលក់គ្រឿងសព្វាវុធរបស់របបសឹកមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួន ជាមួយនឹងជនជាតិថៃ ចំនួន៣នាក់ នៅក្នុងការឆ្មក់បង្ក្រាបមួយ នៅក្នុងទីក្រុងប៉ាងកក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។ លុះមកដល់ថ្ងៃទី១៣ ខែធ្នូ មេឈ្មួញអាវុធរូបនោះ ត្រូវបានចោទប្រកាន់ អំពីបទជួញដូរគ្រឿងញៀន លាងលុយកខ្វក់ និង ឧក្រិដ្ឋកម្មឆ្លងដែន។
លោក ឆាលស៍ សានទៀហ្គោ (Charles Santiago) ប្រធានសិទ្ធិមនុស្ស នៃសភាអាស៊ាន ( APHR) បានបញ្ជាក់ ថា «អាជ្ញាធរថៃ គួរតែបើកការស៊ើបអង្កេត ទៅលើទំនាក់ទំនងរបស់លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា និង ក្រុមគ្រួសាររបស់គាត់ ជាមួយពិភពលោកខាងក្រៅ ហើយបង្ហាញនូវការរកឃើញរបស់ខ្លួន ជាសាធារណៈ។ ប្រសិនបើរដ្ឋាភិបាលក្រុងបាងកក រកឃើញ ថា ពួកគេបានបំពារបំពានច្បាប់ថៃ ពួកគេគួរតែត្រូវបានចោទប្រកាន់ នៅក្នុងតុលាការថៃ ផងដែរ»។
លោក Charles Santiago បានបន្ថែម ថា «ពួកឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា បាន និង កំពុងតែចូលរួម នៅក្នុងការធ្វើអាជីវកម្មខុសច្បាប់ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។ ក្រុមមន្ត្រីជាន់ខ្ពស់យោធា នៅក្នុងប្រទេសអាស៊ានមួយនេះ មានដូចជា លោក Min Aung Hlaing មិនត្រឹមតែប្លន់យកធនធានធម្មជាតិរបស់ប្រទេសមីយ៉ាន់ម៉ា តាមរយៈការបង់ពន្ធប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំង មានការជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ឬ យ៉ាងហោចណាស់ ក៏បិទភ្នែកធ្វើមិនដឹងមិនឮ ជាថ្នូរនឹងការបង់ថ្លៃធ្វើអ្វីៗទាំងនោះផងដែរ»។
ប៉ូលិសថៃ បានបញ្ជាក់ ថា ការចាប់ខ្លួនលោក ទុន មីន ឡាត (Tun Min Latt) និង បក្ខពួករបស់គាត់ កាលពីខែកញ្ញា កន្លងទៅ អាជ្ញាធរថៃ បានរឹបអូសគ្រឿងញៀន និង វត្ថុតាងពាក់ព័ន្ធ មានតម្លៃ ប្រហែលជាង២០០លានបាត (ប្រាក់ថៃ) ឬស្មើនឹង ប្រហែល៥,៤លានដុល្លារសហរដ្ឋអាមេរិក។
ផ្អែកលើកំណត់ត្រារឹបអូសបាននោះ អង្គការយុត្តិធម៌ សម្រាប់មីយ៉ាន់ម៉ា (JFM) ជាក្រុមសកម្មជនសម្ងាត់ តាមដានអាជីវកម្មរបស់របបយោធា បានអះអាង ថា វត្ថុដែលរឹបអូសបាន ពីផ្ទះរបស់មេឈ្មួញអាវុធ នៅទីក្រុងបាងកក រួមមាន ឯកសារពាក់ព័ន្ធនឹងខុនដូ មានបន្ទប់គេង ចំនួន៤ នៅទីក្រុងបាងកក មានតម្លៃជិត១លានដុល្លារអាមេរិក ជាកម្មសិទ្ធិរបស់លោក អ៊ោង ព្យា សុន (Aung Pyae Sone) ជាកូនប្រុសរបស់លោកឧត្ដមសេនីយ៍ Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា។ ចំណែកភស្ដុតាងផ្សេងៗទៀត ដែលត្រូវរឹបអូសបាន រួមមានសៀវភៅធនាគារពាណិជ្ជសៀម (Siam Commercial Bank) ចំនួន២ក្បាល ជាកម្មសិទ្ធិរបស់លោកស្រី ខីនធីរី ថេត ម៉ុន (Khin Thiri Thet Mon) ជាកូនស្រីរបស់លោក Min Aung Hlaing។
ការជំរុញឲ្យរដ្ឋាភិបាលថៃ បើកការស៊ើបអង្កេត លើមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា ពីសភាអាស៊ាន នេះ បានកើតឡើង ស្របគ្នាជាមួយនឹងសេចក្ដីរាយការណ៍ជាច្រើន អំពីកងទ័ពរបបសឹក បាន និង កំពុងតែប្រព្រឹតអំពើឃោរឃៅ ដើរដុតបំផ្លាញផ្ទះសម្បែងរបស់អ្នកស្រុក និង ដុតសម្លាប់មនុស្សទាំងរស់ ប្រឆាំងនឹងអ្នកទាំងឡាយណា មានការសង័្សយជាប់ពាក់ព័ន្ធនឹងក្រុមចលនាប្រឆាំងនឹងរដ្ឋាភិបាល៕










