បទចម្រៀងមរតកដើម របស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ដែលជាបទចម្រៀងដ៏ល្បីល្បាញមួយ ដែលមានចំណងជើងថា “ម្លប់ដូងទី១០” ដែលបានប្រសូតចេញពីចុងស្លាបប៉ាកការបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ក្នុងឆ្នាំ១៩៦៩ និងថតផ្សាយក្នុងឆ្នាំ១៩៧២។
នៅក្នុងទំនុក ច្រៀង លោកបានរំលេចអត្ថន័យថា “មើលស្ទឹងសង្កែ មើលខ្សែទឹកហូរ រគាំងវត្តពោធិ៍ លាយនឹង ជំនោរថ្ងួចថ្ងូរ ផ្តាំទឹកជំនន់ រៃយំទ្រហឹង លាស្ទឹងកវីនិពន្ធ សូរិយាទោរទន់ ពួនក្រោយផ្ទះស្រី”។ តើ “វត្តពោធិ៍” ត្រង់កន្លែងនេះសំដៅដល់វត្តមួយណានៃប្រទេសកម្ពុជា?ហើយវត្តនោះមានសាវតារយ៉ាងដូចម្តេចខ្លះ?
បើតាមឯកសារសៀវភៅ “កំណាព្យស្នេហ៍មាស” (២០០១) របស់អ្នកនិពន្ធផ្ទាល់ វត្តពោធិ៍ក្នុងបទ ចម្រៀងនេះសំដៅដល់អារាមសាសនាមួយស្ថិតនៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានឈ្មោះជាផ្លូវការថា វត្តពោធិ៍វាល។ វត្តនេះស្ថិតនៅត្រើយខាងកើតស្ទឹងសង្កែ ចំទល់មុខផ្សារធំ បាត់ដំបង (ផ្សារណាត់ ទីរួមខេត្ត) ដែលពីមុនមកមានកំពង់ចម្លងទៅមក អ្នកស្រុកហៅថា កំពង់ចម្លងវត្តពោធិ៍វាល។
យោងតាមឯកសារប្រវត្តិវត្តដែលរៀបរៀងចងក្រងដោយអតីតព្រះចៅអធិការ អ៊ីវ ទួត វត្តនេះកាលពី មុនឆ្នាំ១៩៧៥ ស្ថិតក្នុងភូមិសាស្រ្តឃុំវត្តសង្កែ ស្រុកសង្កែ ខេត្តបាត់ដំបង ហើយត្រូវបានកសាងនៅខែពិសាខ ឆ្នាំខាល សំរិទ្ធស័ក ពុទ្ធសករាជ ២៣៦១ ត្រូវនឹងគ្រិស្តសករាជ ១៨១៨ ក្នុងរជ្ជកាលសម្តេចព្រះឧទ័យរាជា ធិរាជម្ចាស់អង្គច័ន្ទ ដែលមានលោកអភ័យទីបេស រស់ ជាចៅហ្វាយស្រុក។
បានជាគេដាក់ឈ្មោះថាជាវត្តពោធិ៍វាលដូចនេះព្រោះ ទីដីវត្តជាទួលមានវាលស្រែជុំវិញ មានពោធិ៍មួយដើម ធំនៅខាងលិចទួលដែល មានវ័យចំណាស់គ្មានអ្នកណាកើតទាន់ក្នុងគ្រានោះ។
ដីស្រែទួលនោះជាកម្មសិទ្ធិរបស់គុជ្ជស័ក្យសូរ ហើយ លោកជាអ្នកដែលផ្តួចផ្តើមគំនិតកសាងវត្តនេះឡើង ក្រោយការជីករកឃើញពុទ្ធបដិមានិងសន្លឹកសីមាពីក្នុងដី តាមការប្រាប់ហេតុភេទចម្លែកពីលោកភូវាំងកែ និង យាយពត ដែលធ្វើស្រែនៅត្បូងទួលនោះ។
ចំពោះប្រវត្តិនៃការកសាងវិហារបច្ចុប្បន្នវិញ វិហារនេះចាប់ផ្តើមកសាងពីព.ស. ២៤៩២ (១៩៥១) រហូតដល់ព.ស.២៥០២ ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះនរោត្តមសីហនុ ដែលមានព្រះមុនីកោសល អ៊ីវ ទួត ជាជារាគណៈ មេគណខែត្រ និង អ្នកឧកញ៉ារាជប្រតិភូ ផូរ ព្រឿង កាន់កាប់ទីរួមខែត្របាត់ដំបង។
ព្រះមហាវីរក្សត្រ ទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ៦០០០០ រៀលសម័យនោះ ហើយការកសាងសរុប ត្រូវចំណាយអស់៤០០៧០៨៤រៀល ដែលមាន លោក តឹង រឿត ជាស្ថាបត្យករ។ បើគិតមកដល់សព្វថ្ងៃ វត្តនេះមានអាយុកាល ២០០ឆ្នាំគត់ ហើយវិហារសព្វថ្ងៃមានអាយុកាលជិត៧០ឆ្នាំហើយ។ ក្រៅពីវិហារកម្ពស់ពីរជាន់ដ៏ស្កឹមស្កៃ វត្តនេះសំបូរទៅដោយសំណង់អគារបេតិកភ័ណ្ឌបន្សល់ទុកពីសម័យ អាណានិគមបារាំងជាច្រើនផងដែរ។
វត្តពោធិ៍វាល ជាវត្តដ៏ពិសេសដែលមានគ្រប់សំណង់ស្ថាបត្យកម្មនៃវិស័យព្រះពុទ្ធសាសនាខ្មែរយើង ។
នៅមុនឆ្នាំ ១៩៧០ នៅក្នុងវត្តនេះ មានព្រះវិហារ ២ ដែលព្រះវិហារសព្វថ្ងៃ ត្រូវបានកសាងឡើងនៅក្នុង ទសវត្សរ៍ឆ្នាំ ១៩៥០ ខណៈនៅខាងក្រោយព្រះវិហារ គឺជាព្រះវិហារបុរាណនៃចុងសតវត្សរ៍ទី ១៩ ហើយក្រោយមកត្រូវបានប្រែក្លាយជាសារមន្ទីរ ។ ព្រះវិហារបុរាណនេះ ប្រហែលត្រូវបានបំផ្លាញចោលនៅឆ្នាំ ១៩៦៥ ដោយសារការពង្រីកទំហំសារមន្ទីរ៕










