ប្រទេសថៃ៖ បងប្អូនប្រជាជនខ្មែរ ច្បាស់ជាជ្រាបជាក់ជាមិនខានជាមួយនឹង រឿងរ៉ាវរបស់ក្មេងទាំង១៣បានបាត់ខ្លួននៅក្នុងរូងភ្នំមួយកន្លែងក្នុងប្រទេសថៃកាលពី៤ឆ្នាំមុន ប៉ុន្តែចុងក្រោយក៏ត្រូវបានរកឃើញវិញ ក្នុងនោះនាពេលបច្ចុប្បន្នរូងភ្នំនេះត្រូវបានគេរៀបចំឱ្យក្លាយជាតំបន់កម្សាន្តដ៏គួរឱ្យទាក់ទាញ។


អាចនិយាយបានថា ក្នុងអំឡុងពេលនេះ រឿងរ៉ាវនៃបេសកកម្មជួយសង្គ្រោះក្រុមក្មេងបាល់ទាត់ទាំង១៣នាក់ (ជ្រូកព្រៃទាំង១៣នាក់) ដែលបានជាប់នៅក្នុងរូងភ្នំថាំហ្លួង (Tham Luang) ឬរូងភ្នំ ណាង ណន(Nang Non) ក្នុងខេត្ត ឈៀង រ៉ៃ កាលពីឆ្នាំ២០១៨ រហូតត្រូវបានក្រុមអ្នកជួយសង្គ្រោះមកពីគ្រប់ទិសទីស្វែងរកអស់រយៈពេលច្រើនថ្ងៃ។

ចុងក្រោយបេសកកម្មជួយសង្គ្រោះក្រុមជ្រូកព្រៃក្នុងរូងភ្នំ ថាំហ្លួង ឬរូងភ្នំ ណាង ណន ត្រូវបានសម្រេចដោយជោគជ័យ ដែលបង្កើតបានជាភាពរីករាយ និងចំណាប់អារម្មណ៍ដល់ពិភពលោកទាំងមូល។

ជាមួយគ្នានោះមកដល់បច្ចប្បន្ននេះ រូងភ្នំថាំហ្លួង ដែលជាកន្លែងកើតហេតុបានមានការផ្លាស់ប្តូរយ៉ាង ខ្លាំង ដែលផ្ទុយពីសភាពមុនគួរឱ្យខ្លាច។ នៅពេលនេះគេបានធ្វើឧទ្យាននៅមាត់រូង បានរៀបចំធ្វើឧបករណ៍ និងវត្ថុគំរូ ក៏ដូចជារូចំលាក់ដែលទាក់ទងនឹងបេសកកម្មជួយសង្គ្រោះក្មេងៗកាលពី៤ឆ្នាំមុនមកឱ្យភ្ញៀវទេសចរណ៍បានទស្សនា។

ក្នុងនោះគេក៏បានសាងសង់នូវរូបចម្លាក់ របស់វរសេនីយ៍ឯក សំ ដែលជាវីរបុរសដែលបានស្លាប់ក្នុង បេសកកម្មជួយសង្គ្រោះនោះផងដែរ រួមទាំងការតាំងពិព័រណ៍ និង ការអប់រំអំពីដំណើររឿងនៅក្នុងរូងភ្នំ បង្ហាញ អ្នកទេសចរឱ្យបានមើលផងដែរ។

ដូច្នេះប្រសិនបើបងប្អូនបានទៅកម្សាន្តក្នុងខេត្ត ឈៀង រ៉ៃ នៃប្រទេសថៃអាចទៅទស្សនាក្នុងតំបន់រូងភ្នំ ថាំហ្លួង(Tham Luang) ឬរូងភ្នំ ណាង ណន(Nang Non) នេះបាន៕ ប្រភព៖ Sanook