ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដោយបេក្ខជនប្រឡងទាំងអស់ត្រូវគោរពតាមច្បាប់ដែលបានចែង និងហាមប្រព្រឹត្តិខុស បើដូច្នោះទេ​​ អាចនឹងធ្លាក់ដោយស្វ័យប្រវត្តិ។

ទាំងនេះ ជាចំនុចសំខាន់ណាស់ដែលបេក្ខជនប្រឡងទាំងអស់ត្រូវដឹង រឿងអ្វីដែលមិនគួរធ្វើអ្វីខ្លះក្នុងកំឡុងពេលប្រឡងបាក់ឌុប៖

  • មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី២
  • មិនត្រូវចូលក្នុងបន្ទប់ប្រឡង មុនពេលអនុរក្សហៅឈ្មោះ
  •  មិនត្រូវប្រើពាក្យសំដី អាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុងមណ្ឌលប្រឡង ឬក្នុងបន្ទប់ប្រឡង ដោយគំរាមកំហែងលើបេក្ខជនដទៃ
  • មិនត្រូវធ្វើចម្លើយវិញ្ញាសានៅលើសន្លឹកកិច្ចការណា ដែលគ្មានហត្ថលេខារបស់អនុរក្ស
  • មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡងឡើយ
  • មិនត្រូវងើបឈរ ងាកឆ្វេង-ស្ដាំ អើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស។ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗ ឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ
  • មិនត្រូវប្ដូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា និងមិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួន បង្កឱ្យអ្នកដទៃមើល ឬអូសឆក់យកបាន
  • មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងមិនត្រូវហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ

គួរបញ្ជាក់ផងដែរថា ការប្រឡងបាក់ឌុប នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥-៦ ខែធ្នូ ខាងមុខនេះ៕