មនុស្សជាច្រើនតែងតែមានទម្លាប់ខុសៗពីគ្នានៅក្នុងការរស់នៅ ក៏ដូចជាការថែរក្សាសុខភាពរបស់ពួកគេ ។ ដោយសុខភាពរបស់មនុស្សល្អ ឬមិនល្អ គឺវាអាស្រ័យទៅលើទម្លាប់នៃការរស់នៅរបស់មនុស្សដែលអនុវត្តន៍ជាប្រចាំ។ ជាក់ស្ដែងបន្ទាប់ពីការទទួលទានអាហាររួច មានមនុស្សជាច្រើន តែងតែធ្វើនូវសកម្មភាពមិនល្អទាំងអស់នេះ ដែលត្រូវបានអ្នកជំនាញផ្នែកសុខភាពបង្ហាញថា វាពិតជាធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ។
ទម្លាប់អាក្រក់ដែលបង្កជាហានិភ័យចំពោះសុខភាពបន្ទាប់ពីទទួលទានអាហាររួចមានដូចខាងក្រោម៖
- គេងភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច
បន្ទាប់ពីញ៉ាំអាហារឆ្អែតហើយអ្នកចូលគេងនោះ វាគឺជាទម្លាប់ដែលពិបាកនឹងបញ្ឈប់មួយសម្រាប់មនុស្សជាច្រើន។ ប៉ុន្តែពួកគេមិនបានដឹងនោះទេថា ការដេកភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួចវាប្រៀបបាននឹងការដាក់សម្ពាធលើក្រពះ ដែលធ្វើឲ្យក្រពះពិបាកធ្វើការរំលាយអាហារ។
ជាងនេះទៅទៀតបើអ្នកធ្វើសកម្មភាពទាំងអស់នេះក្នុងរយៈពេលយូរនោះ វាក៏កាន់តែធ្វើឲ្យប្រព័ន្ធរំលាយអាហារ និងពោះវៀនពិបាកក្នុងការធ្វើដំណើរការ ដែលនាំឱ្យមានការទល់លាមក និងអសមត្ថភាពក្នុងការបញ្ចេញជាតិពុលចេញពីរាងកាយ និងប៉ះពាល់ដល់ដំណើរការនៃចរន្តឈាមក្នុងការរំលាយអាហារផងដែរ ។
- ញ៉ាំផ្លែឈើភ្លាមៗបន្ទាប់ពីអាហារ
បន្ទាប់ពីញ៉ាំអាហាររួច មនុស្សជាច្រើនតែងតែមានទម្លាប់ញ៉ាំផ្លែឈើជាបង្អែមលាងមាត់ ។ ទោះជាយ៉ាងណាក៏ដោយ ការញ៉ាំផ្លែឈើក្រោយអាហារ មិនមែនជាជម្រើសល្អនោះទេ ព្រោះនឹងធ្វើឲ្យក្រពះដំណើរការមិនបានល្អ ។ ជាងនេះទៅទៀតវាក៏បណ្តាលឱ្យមានរោគសញ្ញាដូចជា ហើមពោះ រាគ ឬទល់លាមក និងបង្កើនឲ្យមានការលើសកាឡូរី ដែលនាំទៅដល់ការបង្កើតជាតិខ្លាញ់ក្នុងរាងកាយ ។
- ផឹកទឹកដោះគោជូរភ្លាមៗបន្ទាប់ពីអាហារ
ទឹកដោះគោជូរ ឬយ៉ាអួ សុទ្ធសឹងតែជាមុខអាហារដែលមនុស្សជាច្រើនចូលចិត្តញ៉ាំបន្ទាប់ពីអាហាររួច ព្រោះពួកគេយល់ាវាអាចជួយបញ្ចេញកាកសំណល់បានល្អ ។ តែផ្ទុយទៅវិញ ការទទួលទានទឹកដោះគោជូរ ឬយ៉ាអួ ក្រោយអាហារបែបនេះ គឺស្មើនឹងការបញ្ចូលប្រេងទៅកាន់រាងកាយ ព្រមទាំងធ្វើឱ្យឡើងទម្ងន់ដោយមិនដឹងខ្លួនថែមទៀតផង ។
យ៉ាងណាមិញ ប្រសិនជាអ្នកចង់ទទួលទានវា ដើម្បីសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាពនោះ អ្នកគួរតែទទួលទានវាយ៉ាងហោចណាស់ចន្លោះពី ៣០ នាទី ទៅ ២ ម៉ោងក្រោយការទទួលទានអាហាររួចទើបជាការល្អ ។