រដ្ឋធានីញូវដេលី៖ ស្របពេលកម្លាំងទាហានរុស្ស៊ីកំពុងតែបង្កមហាវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ដល់ប្រទេសអ៊ុយក្រែន ដោយសារសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន នោះ ប្រធានគណៈកម្មការសហភាពអឺរ៉ុប បានព្រមានដល់ចិន ត្រូវតែរក្សាសន្ដិភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីរាត្រី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ថា លោកស្រី អ៊ូស៊ូឡា វ៉ុន ដឺរ ឡេយ៉ែន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប បានកោតសរសើរដល់ឥណ្ឌា ជាប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោក។ ទាំងឥណ្ឌា និង សហភាពអឺរ៉ុប តែងតែចែករំលែកតម្លៃ និង ផលប្រយោជន៍ជាមូលដ្ឋាន។

លោកស្រី ប្រធានគណៈកម្មការអឺរ៉ុប បានបញ្ជាក់ នៅក្នុងសុន្ទរកថារបស់លោកស្រី នៅឯកិច្ចប្រជុំ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៥ ខែមេសា ថា ទាំងឥណ្ឌា និង សហភាពអឺរ៉ុប (EU) កំពុងតែចែករំលែកតម្លៃ ជាមូលដ្ឋាន និង ផលប្រយោជន៍រួម ខណៈប្រទេសអាស៊ីខាងត្បូងមួយនេះ និង ប្លុកអឺរ៉ុប ជឿជាក់លើនីតិរដ្ឋ និង សិទ្ធិជាមូលដ្ឋាន។

លោកស្រី ប្រធានគណៈកម្មការអឺរ៉ុប បានបន្ថែមថា វាជាការពិតណាស់ ជារៀងរាល់ប្រាំឆ្នាំម្តង ប្រជាជនឥណ្ឌា តែងតែចូលរួមបោះឆ្នោតសភា។ ចំណែក ពិភពលោកក៏តែងតែមើលមកប្រទេសអាស៊ីខាងត្បូងមួយនេះ ដោយការកោតសរសើរ ព្រោះប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោកមួយនេះ កំពុងតែកំណត់ផ្លូវអនាគតរបស់ខ្លួន ដោយសារលទ្ធផល នៃការសម្រេចចិត្តរបស់មនុស្ស ជាង១,៣ពាន់លាននាក់ នៅជុំវិញពិភពលោក។ ជាមួយគ្នានេះ លោកស្រី ក៏បានទទូចដល់ចិន ត្រូវតែប្រកាន់ជំហររក្សាសន្ដិភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

នៅក្នុងថ្ងៃដំបូង នៃដំណើរទស្សនកិច្ចនោះ លោកស្រី បានជួបជាមួយនឹងលោក ណារ៉ែនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា ដោយព្រមព្រៀង ទៅលើពាណិជ្ជកម្ម បច្ចេកវិទ្យា និង សន្ដិសុខ។ ក្រៅពីនេះ ភាគីទាំង២ ក៏បានចែករំលែកគ្នាទៅវិញទៅមក ជុំវិញបរិយាកាសភូមិសាស្រ្ដនយោបាយផងដែរ៕