រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលរកឃើញវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron ជាលើកដំបូង នៅក្នុងរដ្ឋកាលីហ្វ័រញ៉ានោះមក តែរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានបន្ដរកឃើញ នៅតាមរដ្ឋចំនួន៤ផ្សេងទៀត ដោយមានអ្នកឆ្លងវីរុសនេះ យ៉ាងតិច១០នាក់។
សារព័ត៌មាន Axios បានចេញផ្សាយ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ថា Hawii ក្លាយជារដ្ឋទី៥របស់សហរដ្ឋអាមេរិកអាមេរិក រកឃើញវីរុស Omicron ដោយមានអ្នកឆ្លងយ៉ាងតិច១០នាក់។ ករណីនេះ ធ្វើឲ្យលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសពីវិធានការថ្មី ដើម្បីទប់ទល់នឹងការឆ្លងរីករាលដាល នៃវីរុស Omicron ហើយជំរុញឲ្យបង្កើនការចាក់វ៉ាក់សាំង ដូសជំរុញ។ អ្នកវិជ្ជមាន នៃវីរុសប្រភេទនេះ គឺជាអ្នកដំណើរវិលត្រឡប់មកពីតំបន់អាហ្វ្រិក។
រដ្ឋញូវយ៉ក និង Hawaii បានរាយការណ៍ពីករណី Omicron ជាលើកដំបូង ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសពីវិធានការថ្មីនេះ។ ចំណែករដ្ឋទាំង៥របស់សហរដ្ឋអាមេរិក ដែលរកឃើញវីរុស Omicron នោះ រួមមាន រដ្ឋកាលីហ្វ័រញ៉ា ញូវយ៉ក ហាវ៉ៃ កូឡូរ៉ាដូ និង រដ្ឋមីនណេសូតា។
បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១២១ ៤៩៨នាក់ និង មានករណីស្លាប់ថ្មី ១ ១៩៨នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងសរុប ជាង៤៩,៦លាននាក់ ហើយក្នុងនោះ មានអ្នកស្លាប់ ៨០៦ ៣២៩នាក់ និង មានអ្នកជាសះស្បើយ ជាង៣៩,៣លាននាក់៕