រដ្ឋធានីវ៉ាស៊ីនតោន៖ ជនចំណាកស្រុក មកពីប្រទេសហៃទី ប្រហែលជាង១០ ០០០នាក់ បានប្រមូលផ្ដុំគ្នា ស្នាក់នៅក្រោមស្ពាន ស្ថិតក្នុងរដ្ឋតិចសាស់ ត្រូវសហរដ្ឋអាមេរិក ចាប់បញ្ជូនតាមយន្ដហោះ វិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។
សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក បានចាប់ផ្តើមដឹក និងបញ្ជូនជនចំណាកស្រុក មកពីប្រទេសហៃទី ដែលហូរចូលមក កាលពីសប្ដាហ៍មុន ចេញពីទីក្រុងជាប់មនឹងព្រំដែនរដ្ឋតិចសាស់។
បើតាមទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា សហរដ្ឋអាមេរិក បានដឹកជញ្ជូនជនចំណាកស្រុកជនជាតិហៃទី តាមផ្លូវអាកាស ចំនួន៣ជើង ហើយបានចុះចត នៅអាកាសយានដ្ឋាន ផត-អូ- ប្រាំង (Port-au-Prince) ប្រទេសហៃទី កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។ នៅក្នុងជើងហោះហើរ នីមួយៗ ដឹកបានជនជាតិហៃទី ចំនួន១៤៥នាក់ ហើយបានបញ្ជូនពួកគេទៅដល់ប្រទេសកំណើតវិញ។
អាជ្ញាធរនៅក្នុងតំបន់ បានបញ្ជាក់ ជនអន្ដោប្រវេសន៍ ប្រហែល១៣ ០០០នាក់ បានប្រមូលផ្ដុំគ្នា នៅក្រោមស្ពាន តភ្ជាប់ពីទីក្រុង Del Rio ស្ថិតក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង Ciudad Acuña ប្រទេសម៉ិកស៊ិក។ ជនចំណាកស្រុកទាំងនេះ កំពុងរង់ចាំ នៅក្នុងជំរំបណ្ដោះអាសន្ន ដែលសីតុណ្ហភាព ៣៧អង្សាសេ។
បើតាមបទបញ្ជាសុខាភិបាលសាធារណៈគ្រាអាសន្នរបស់សហរដ្ឋអាមេរិក ដែលគេស្គាល់ចំណងជើង ៤២ អនុញ្ញាឲ្យអាជ្ញាធរទាំងអស់ មានសិទ្ធិបណ្ដេញជនចំណាកស្រុកទាំងនោះ ចេញ មុនពេលពួកគេអាចសុំសិទ្ធិជ្រកកោណ។ ទោះជាយ៉ាងណា មន្រ្តីក្នុងតំបន់ កំពុងតែប្រឈមនឹងការលំបាក ក្នុងការផ្តល់អាហារ និងអនាម័យឲ្យគ្រប់គ្រាន់ ដល់ជនចំណាកស្រុក នៅទីក្រុង Del Del ៕