បរទេស៖ ក្រោយពេលពួកយោធាភូមាធ្វើរដ្ឋប្រហារ និងបង្ក្រាបយ៉ាងឃោរឃៅទៅលើក្រុមបាតុករអហិង្សានោះមក រហូតមកដល់ពេលនេះ អង្គការសហប្រជាជាតិបានអំពាវនាវដ៏កម្រមួយ ឲ្យផ្អាកការលក់អាវុធទៅឲ្យរបបសឹកមួយនេះ។
សារព័ត៌មាន BBC បានផ្សាយ កាលពីថ្ងៃទី១៨ ខែមិថុនា ថា អង្គការសហប្រជាជាតិបានចេញនូវសេចក្ដីអំពាវនាវដ៏កម្រមួយ ឲ្យផ្អាកការលក់អាវុធដល់ភូមា ដើម្បីឆ្លើយតបទៅនឹងអំពើរដ្ឋប្រហារយោធាដ៏ហិង្សា នៅក្នុងប្រទេសនេះ។ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តនូវដំណោះស្រាយ ថ្កោលទោសដល់របស់យោធា ដែលបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់ប្រទេសភូមា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
ជាមួយគ្នានេះ អង្គការសហប្រជាជាតិ ក៏បានអំពាវនាវឲ្យមានការដោះលែងអ្នកជាប់ឃុំឃាំងផ្នែកនយោបាយ ដូចជា មេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ុង សាន់ស៊ូជី (Aung San Suu Kyi)…ជាដើម ហើយបញ្ចប់នូវអំពើហិង្សា ប្រឆាំងនឹងក្រុមអ្នកតវ៉ាអហិង្សា។
លោកស្រី Christine Schraner Burgener ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំនៅក្នុងប្រទេសភូមា បានប្រាប់ដល់មហាសន្និបាតថា «គ្រោះថ្នាក់នៃសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំនឹងកើតមាននៅក្នុងប្រទេសនេះ។ នេះជាពេលវេលាដ៏សំខាន់បំផុត ហើយឱកាស ដើម្បីវិលត្រឡប់របស់ការដណ្ដើមអំណាចរបស់យោធា កំពុងស្ថិតក្នុងផ្លូវមួយដ៏តូចបំផុតមួយ»។
ប្រទេសចំនួន១១៩បានគាំទ្រដល់ដំណោះស្រាយនេះ ហើយមានតែប្រទេសប៊ែឡារុសមួយប៉ុណ្ណោះ បានបោះឆ្នោតប្រឆាំងនឹងដំណោះនេះ។ ដោយឡែកប្រទេសចំនួន៣៦ផ្សេងទៀត បានបដិសេធ រួមមាន រុស្ស៊ី និងចិន ដែលប្រទេសទាំង២នេះ ជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតដល់ពួកយោធាភូមា។
លោក Olof Skoog ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងថា«ដំណោះស្រាយនេះ បានធ្វើប្រតិភូកម្មលើរបបយោធា ហើយថ្កោលទោសដល់ការរំលោភបំពាន និងអំពើហិង្សារបស់ពួកយោធា ប្រឆាំនឹងប្រជាពលរដ្ឋខ្លួនឯង។ នេះបង្ហាញពីភាពឯកោរបស់ពួកយោធាភូមា នៅក្នុងក្រសែភ្នែករបស់ពិភពលោក»។
ដោយឡែក លោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតភូមាប្រចាំនៅអង្គការសហប្រជាជាតិ តំណាងឲ្យរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោត បានថ្លែងថា លោកមានការខកចិត្ត ចំពោះការចំណាយពេលដ៏យូរ សម្រាប់មហាសន្និបាតនេះ អនុម័តនូវអ្វីដែលលោកហៅថា «ជាដំណោះស្រាយមិនមានប្រយោជន៍»។
លោកស្រី ស៊ូជី មានវ័យ៧៥ឆ្នា បានស្ថិតក្នុងការឃុំឃាំង នៅក្នុងផ្ទះ ចាប់តាំងពីពេលមានរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក ហើយគេមិនបានឃើញ និងឮលោកស្រីនោះទេ លើកលែងតែពេលបង្ហាញខ្លួន នៅតុលាការ ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។
បើតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា ប្រទេសភូមាបានធ្លាក់ចូលក្នុងវិបត្ដិនយោបាយកាន់តែធ្ងន់ធ្ងរឡើង ក្រោយពេលមេដឹកនាំយោធា នៃប្រទេសនេះ បានធ្វើរដ្ឋប្រហាររឹបអូសអំណាច និងចាប់ឃុំខ្លួនថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិល។ ប្រជាពលរដ្ឋ នៃប្រទេសនេះបានផ្ទុះឡើង តវ៉ាប្រឆាំងនឹងពួកយោធា ហើយកងសន្ដិសុខបានសម្លាប់អ្នកតវ៉ាអហិង្សាយ៉ាងឃោរឃៅ ជាង៨៦០នាក់ និងចាប់ឃុំឃាំងអ្នកពាក់ព័ន្ធ ជិត៥ ០០០នាក់ រហូតមកដល់ពេលនេះ៕