គ្មានអ្វីពិបាកចិត្តជាង មើលឃើញស្នាមជ្រីវជ្រួញដែលលេចឡើងនៅលើផ្ទៃមុខរបស់យើង ក្រោយភ្ញាក់ពីគេងនោះទេ ពិសេស គឺស្នាមជ្រីវជ្រួញលើថ្ងាសតែម្តង។ ប៉ុន្តែ យើងមិនចាំបាច់បារម្ភទៀតនោះទេ ជាមួយនឹងតិចនិកថែរក្សាស្បែកទាំងនេះ ស្រីៗយើងច្បាស់ជាអស់កង្វល់រឿងស្នាមជ្រួញលើថ្ងាសតទៅទៀតមិនខាន។

១. របបអាហារត្រឹមត្រូវ
ចូរញ៉ាំអាហារល្អៗ ដែលសម្បូរទៅដោយវីតាមីនC និងចៀសវាងការញ៉ាំអាហារដែលមានខ្លាញ់ និងកាបូអ៊ីដ្រាតច្រើន ពីព្រោះអាហារទាំងពីរប្រភេទនេះ អាចបង្កើនហានិភ័យនៃស្នាមជ្រីវជ្រួញបានយ៉ាងងាយ។ ចូរញ៉ាំទឹកឲ្យបានយ៉ាងតិច៨កែវ ជារៀងរាល់ថ្ងៃទើបធ្វើឲ្យស្បែកយើងមានជាតិទឹក និងមិនងាយលេចឡើងនូវស្នាមជ្រីវជ្រួញ។

២. ជម្រុះកោសិកាចាស់ៗ
ចូរធ្វើការជម្រុះកោសិកាចាស់ៗចំនួន២ដងក្នុងមួយសប្ដាហ៍ ដោយជ្រើសយកនូវក្រែមជម្រុះកោសិកាប្រភេទស្រាល ដែលមិនកាត់ស្បែក ឬធ្វើឲ្យរលាកស្បែក។

៣. គេងឲ្យបានគ្រប់គ្រាន់
ការគេងគ្រប់គ្រាន់ មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពស្បែករបស់យើង។ ផ្ទុយទៅវិញ បើសិនជាយើងគេងមិនគ្រប់គ្រាន់ទេនោះ រាងកាយរបស់យើងនឹងផលិតអ័រម៉ូនCortisol ច្រើនលើសលប់ ហើយអ័រម៉ូនប្រភេទនេះ នឹងចូលទៅបំផ្លាញកោសិកាស្បែក ដែលធ្វើឲ្យស្បែករបស់យើងវិវត្តន៍ទៅរកស្នាមជ្រីវជ្រួញបានយ៉ាងឆាប់រហ័ស៕