ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានធ្វើសន្និសីទសារព័ត៌មានបំភ្លឺមួយដោយចេញពីមន្ទីរពិសោធន៍លើបញ្ហាវីរុសកូវីដ១៩ ខណៈដែលលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងច្បាស់ៗថាពេលនេះស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩កាន់តែមានសន្ទុះលឿនជាងមុន និងមានភាពស៊ាំញ៉ាំជាងមុន ហើយលោកជំទាវបន្ថែមថាប្រជាពលរដ្ឋខ្មែរទាំងអស់មិនត្រូវមើលងាយ ឬប្រមាថចំពោះជំងឺមួយនេះឡើយ។

ក្នុងនោះផងដែរលោកជំទាវ បានរំលឹកថាជោគជ័យ ឬបរាជ័យនៃការទប់ស្កាត់ជំងឺកូវីដ១៩នៅពេលនេះគឺអាស្រ័យលើបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាហើយ ដោយត្រូវតែប្រញ៉ាប់ចូលរួមអនុវត្តវិធានការការពារឲ្យបានខ្ជាប់ខ្ជួនចំពោះបញ្ហាខាងលើនេះ ព្រោះថាពេលនេះជំងឺកូវីដ១៩នេះ ហាក់មិនមានភាពធូរស្រាលនោះទេ។ លោកជំទាវក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់គ្នាត្រូវស្រឡាញ់គ្នា កុំរើសអើងគ្នាឲ្យសោះ ព្រោះពេលនេះមានតែខ្មែរជួយខ្មែរ និងខ្មែរស្រឡាញ់ខ្មែរ ទើបយើងអាចគេចផុតពីបញ្ហាមួយនេះបាន៕