សាលាបឋមសិក្សាវត្តបូព៌ ដែលបានជាប់ឈ្មោះជាសាលាគំរូទូទាំងប្រទេសកម្ពុជា មានទីតាំងស្ថិតនៅភូមិវត្តបូព៌ សង្កាត់កំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយសង្កេតឃើញថា អាកាសធាតុក្នុងអំឡុងពេលនេះបាននឹងកំពុងឡើងកម្តៅខ្លាំងពេក ក៏ដូចជាមានការគិតគូរជាពិសេសចំពោះសិស្សានុសិស្សនិងកុមារតូចៗ ខាងសាលាក៏បានចេញនូវសេចក្តីប្រកាស ស្តីអំពីការផ្លាស់ប្តូរពេលវេលាសិក្សាក្នុងអំឡុងពេលអាកាសធាតុក្តៅ។
យោងតាមសេចក្តីជូនដំណឹងដែលបានចេញផ្សាយដោយសាលាបឋមសិក្សាវត្តបូព៌ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបរាប់យ៉ាងដូច្នេះថា គណៈគ្រប់គ្រងសាលាបឋមសិក្សាវត្តបូព៌ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រីជា មាតាបិតា ឬអាណាព្យាបាល ព្រមទាំងកូនៗសិស្សានុសិស្សទាំងអស់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សា វត្តបូព៌ទាំងអស់ឱ្យបានជ្រាបថា៖ ដោយសង្កេតឃើញថាមួយរយៈនេះអាកាសធាតុមានរលកកំដៅខ្លាំង គណៈ គ្រប់គ្រងសាលាបានសម្រេចចិត្ត និងអនុញ្ញាតកំណត់ពេលចេញ និងចូលរៀនរបស់កូនៗសិស្សានុសិស្សទាំងអស់ មួយរយៈដូចតទៅៈ
– សិស្សរៀនពេលព្រឹកអនុញ្ញាតឱ្យចេញទៅផ្ទះម៉ោង ១០:៣០នាទី
– សិស្សរៀនពេលរសៀលអនុញ្ញាតឱ្យចូលរៀនម៉ោង ០១:៣០នាទី
កម្មវិធីនិងកាលវិភាគនេះសាលាចាប់អនុវត្តពី ថ្ងៃចន្ទទី២៩ ខែមេសានេះតទៅ។ អាស្រ័យហេតុនេះសូមលោកលោកស្រីជាមាតាបិតា ឬអាណាព្យាបាល និងកូនៗសិស្សានុសិស្សទាំងអស់ ជ្រាបជាព័ត៌មាន។ បញ្ជាក់ៈ បើមានការប្រែប្រួលយ៉ាងណានោះ សាលានឹងជូនដំណឹងសាជាថ្មី។
ជាមួយគ្នានេះ សាលាបឋមសិក្សាវត្តបូព៌ ក៏ដូចជាសាលារៀនភាគច្រើន ក្នុងអំឡុងពេលអាកាសធាតុក្តៅ ក៏មានការបាញ់ទឹកនៅជុំវិញបរិវេណនិងទីធ្លានៃសាលា ដើម្បីជួយកាត់បន្ថយកម្តៅបានមួយកម្រិតដែរ។ បន្ថែមពីនេះ ក៏មានការចែករំលែកពីវិធីសាស្រ្តថែទាំសុខភាពរដូវក្តៅ ក្នុងអំឡុងពេលថ្នាក់រៀន ចំពោះកុមារនិងសិស្សានុសិស្ស ដោយការយកកន្សែងត្រជាក់ឬក្រណាត់សើមៗមកដណ្តប់នៅលើក្បាលផងដែរ៕










