រាប់ចាប់ពីការកក់តនៃមនុស្សមក មនុស្សយើងបានជួបប្រទះនូវបញ្ហាជាច្រើនដោយពេលខ្លះបញ្ហាទាំងនោះមនុស្សជាអ្នកបង្កើត រីឯបញ្ហាផ្សេងទៀតគឺផែនដីជាអ្នកបង្កើតឡើងឲ្យមនុស្សតែម្ដង។ ក្រៅពីសង្រ្គាមដែលបានសម្លាប់មនុស្សអស់ជាច្រើននៅក្នុងប្រវត្ថិសាស្រ្ត វីរុសក៏ជាសត្រូវមួយទៀតដ៏ធំរបស់មនុស្សលោកយើងផងដែរ ដោយវាបានសម្លាប់ជីវិតរបស់មនុស្សលោកអស់ជាច្រើនផងដែរ ។ ជាក់ស្ដែងនៅលើផែនដីយើងនះមិនមែនមានវីរុសតែមួយប្រភេទប៉ុណ្ណោះទេ ខាងក្រោមនេះគឺជាពពួកវីរុសដែលសាហាវបំផុត ដែលអ្នកមិនធ្លាប់បានដឹង និងមិនធ្លាប់បានជួបកន្លងមក៖

ទី១ Marburg Virus៖ អ្នកវិទ្យាសាស្រ្តបានរកឃើញវីរុសមួយនេះនៅក្នុងឆ្នាំ១៩៦៧ ដែលបានផ្ទុះឡើងនៅកន្លែងធ្វើការរបស់កម្មករនៅក្នុងប្រទេសអាឡឺម៉ង់ ដោយកម្មករទាំងអស់នោះបានប៉ះពាល់ជាមួយសត្វស្វាដែលនាំចូលមកពីប្រទេសអ៊ុយកាន់ដា។ នៅពេលដែលវីរុសមួយនេះចូលទៅក្នុងរាងកាយរបស់យើង វាមានអាការៈស្រដែងទៅនឹងជម្ងឺអេប៊ូឡាដែរ គឺបង្កឲ្យមនុស្សទៅជាក្ដៅខ្លួនខ្លាំង ហូរឈាមចេញពីរាងកាយ ហើយវាឈានទៅបង្អាក់ដំណើរការនៅក្នុងរាងកាយរបស់យើង ដែលបណ្ដាលឲ្យអ្នកជម្ងឺឈានទៅរកការស្លាប់ ។ កម្រិតនៃការផ្ទុះដំបូងនៃជម្ងឺនេះមានត្រឹមតែ២៥%តែប៉ុណ្ណោះ ក៏ប៉ុន្តែចន្លោះពីឆ្នាំ១៩៩៨ ទៅដល់ឆ្នាំ២០០០ ការផ្ទុះរបស់វាដែលកើតឡើងនៅក្នុងសាធារណៈរដ្ឋកុងហ្គោ មានដល់ទៅ៨០% ។ ហើយម៉្យាងទៀតនៅក្នុងឆ្នាំ២០០៥ វាបានផ្ទុះឡើងម្ដងទៀតនៅក្នុងប្រទេសអ៊ុងកូឡា នេះបើយោងទៅតាមរបាយការណ៍អង្គការសុខភាពពិភពលោក។

ទី២ Ebola Virus៖ វីរុសមួយនេះផ្ទុះឡើងដំបូងនៅក្នុងប្រទេសស៊ូដាំ និងប្រទេសកុងហ្គោ កាលពីឆ្នាំ១៩៧៦ វីរុសមួយនេះវាឆ្លងតាមសារធាតុរាវនៃសារពាង្គកាយរបស់មនុស្ស ឬការប៉ះពាល់ជាមួយរបស់របរប្រើប្រាស់របស់អ្នកជម្ងឺ ។ ជម្ងឺនៃវីរុសអេប៊ូឡានេះ បានផ្ទុះឡើងម្ដងទៀតនៃតំបន់អាហ្រ្វិកនៅក្នុងដើមឆ្នាំ២០១៤ ហើយការផ្ទុះនៃជម្ងឺវីរុសនេះគឺជាការផ្ទុះលើកចុងក្រោយគេគឺជាការផ្ទុះដ៏ធំជាងគេ ក្នុងចំណោមការផ្ទុះកន្លងមក។

ទី៣ Rabies ៖ បើទោះបីជាមានវ៉ាក់សាំងការពារមេរោគមួយនេះក៏ដោយ ក៏ប៉ុន្តែវានៅតែជាបញ្ហាដ៏ធ្ងន់ធ្ងន់សម្រាប់ប្រទេសឥណ្ឌា និងមួយផ្នែកនៃទ្វីបអាហ្រ្វិក ។ វីរុសមួយនេះបានកើតចេញពីឆ្កែឆ្គួត កាលណាវីរុសនេះចូលទៅក្នុងរាងកាយរបស់មនុស្សវានឹងចូលទៅបំផ្លាញប្រព័ន្ធខួរក្បាលរបស់មនុស្សយើង ដូច្នេះយើងតរូវនៅឲ្យឆ្ងាយចំពោះសត្វឆ្កែដែលយើងដឹងថាមានជម្ងឺឆ្កែឆ្គួតនៅក្នុងខ្លួនរបស់វា ។មិនត្រឹមតែសត្វឆ្កែប៉ុណ្ណោះទេនៅមានសត្វដទៃទៀតដែលមានវីរុសនេះនៅក្នុងខ្លួនផងដែរ ដូច្នេះត្រូវចៀសវាងឲ្យឆ្ងាយពីការខាំរបស់សត្វ ។

ទី៤ HIV ៖ នៅក្នុងពិភពលោកយើងបច្ចុប្បន្ន HIV នៅតែមានឥទ្ថិពលនៅឡើយ ដោយវាបានសម្លាប់មនុស្សជារៀងរាល់ឆ្នាំ ។ ដោយជម្ងឺនេះនៅតែបន្តគំរាមគំហែងខ្លាំងដល់អាយុជីវិតរបស់មនុស្ស នឹងបានសម្លាប់មនុស្សអស់ជាច្រើននាក់នៅក្នុងមួយឆ្នាំៗ មនុស្សនៅក្នុងពិភពលោកប្រមាណជា៣២លាននាក់ដែលបានស្លាប់ដោយសារតែជម្ងឺនេះ ចាប់តាំងពីវាបានផ្ទុះឡើងនៅទសវត្ស១៥៨០។ មកទល់នឹងពេកបច្ចុប្បន្ននេះ អ្នកវិទ្យាសាស្រ្តនៅតែមិនទាន់ប្រាកដថា អាចមានថ្នាំព្យាបាលជំងឺនេះបាន១០០%នោះទេ គេគ្រាន់តែដឹងថា គេអាចមានថ្នាំដែលធាចពន្យារអាយុជីវិតអ្នកជំងឺបានតែប៉ុណ្ណោះ ។គួរបញ្ជាក់ផងដែរថា HIV នៅតែបន្តឆក់យកជីវិតប្រជាជន ជាពិសេសនៃតាមបណ្ដាប្រទេសក្រីក្រ និងមិនសូវមានការអប់រំ។

ទី៥ Smallpox៖ Smallpoxនេះ ប្រហែលជាមិនសូវមានមនុស្សបានស្គាល់នោះទេ វាគឺជាមេរោគអតីតកាលមួយដែលមនុស្សយើងបានប្រឈមមុខរាប់ពាន់ឆ្នាំមកហើយ ហើយមកដល់ឆ្នាំ១៩៨០ សមាគមសុខភាពពិភពលោកបានប្រកាសថា ពិភពលោកយើងនេះបានកម្ចាត់ចោលបាត់អស់ហើយ ។វីរុសមួយនេះមានលក្ខណៈកាចសាហាវណាស់ ក្នុងចំណោមអ្នកជម្ងឺ៣នាក់ដែលផ្ទុកវីរុសនេះ មានម្នាក់ត្រូវតែស្លាប់ នៅក្នុងករណីដែលជាសះស្បើយពីវីរុសមួយនេះ អ្នកជម្ងឺនោះក៏នៅមានស្លាកស្នាមដ៏ជ្រៅហើយអាចក្លាយទៅជាមនុស្សពិការភ្នែកបានផងដែរ ។ ជម្ងឺនេះបានផ្ទុះឡើងនៅតំបន់អ៊ឺរ៉ុប មិនត្រឹមតែសម្លាប់ប្រជាជនអ៊ឺរ៉ុបប៉ុណ្ណោះទេ សូម្បីតែប្រជាជននៅទ្វីបអាមេរិកក៏ស្លាប់មិនតិចដែរ ដោយសារតែប្រជាជននៅទ្វីបអ៊ឺរ៉ុបបានធ្វើដំណើរទៅកាន់ទឹកដីអាមរិក តាមរយះការរុករកដែនដីថ្មីៗ បើគិតតាំងពីសតវត្សទី២០ វីរុសមួយនេះបានសម្លាប់មនុស្សអស់ប្រមាណជា៣០០លាននាក់។

ទី៦ Hantavirus៖ ជម្ងឺនៃវីរុសមួយនេះបានផ្ទុះឡើងនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩៣ ពេលនោះមានបុរសស្រ្ដីវ័យក្មេង២នាក់ជាគូដណ្ដឹងនឹងគ្នាបានកើតជម្ងឺនេះ ហើយក៏បានស្លាប់ក្រោយរយៈពេល៤ថ្ងៃ ដោយពួកគេមានអាការះដកដង្ហើមដង្ហក់ខ្លាំង ទើបបណ្ដាលឲ្យបាត់បង់ជីវិត។ ប៉ុន្មានថ្ងៃក្រោយមក ក្រុមអាជ្ញាធរផ្នែកសុខភាពបានដឹងថា ជម្ងឺនេះបានកើតមកពីសត្វកណ្ដុរនៅក្នុងផ្ទះ ជម្ងឺនេះវាពិតជាសាហាវមែន តែវាមិនបានសម្លាប់មនុស្សច្រើននោះទេ ដោយវាមិនអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានឡើយ ពោលគឺវាឆ្លងពីសត្វកណ្ដុរមកមនុស្ស ។ កន្លងមកមានប្រជាជនអាមេរិកប្រមាណជា៦០០នាក់ដែលបានឆ្លងជម្ងឺនេះ ដោយក្នុងចំណោមនោះមានត្រឹមតែ៣៩%ប៉ុណ្ណោះបានស្លាប់ ។ជម្ងឺនេះក៏ធ្លាប់បានផ្ទុះឡើងម្ដងរួចមកហើយ នៅសម័យសង្រ្គាមកូរ៉េ សតវត្ស១៩៥០ ដោយទាហានជាង៣ពាន់នាក់បានឆ្លងជម្ងឺនេះ ហើយ១២%ក្នុងចំណោម៣ពាន់នាក់នោះបានស្លាប់។

ទី៧ Influenza៖ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក នៅអំឡុងពេលពេញមួយរដូវកាលនៃជម្ងឺផ្ដាសាយ មនុស្សជាង៥សែននាក់ បានបាត់បង់ជីវិតដោយសារតែជម្ងឺនេះ។ វីរុសនេះគឺជាវីរុសដ៏កាចសាហាវមួយ ហើយពេលខ្លះគេហៅវាថា ជម្ងឺផ្ដាសាយអេស្ប៉ាញ វាបានកើតឡើងនៅក្នុងឆ្នាំ១៩១៨ ហើយវាបានចម្លងទៅកាន់មនុស្សប្រមាណជា៤០% នៃមនុស្សនៅលើផែនដី ។នៅក្នុងកំណត់ត្រាគេបានដឹងថាជម្ងឺមួយនេះបានសម្លាប់មនុស្សអស់ជាង៥០លាននាក់ ជម្ងឺនេះត្បិតវាមិនសាហាវនៅក្នុងការសម្លាប់មនុស្ស តែវាសាហាវក្នុងការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដោយការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់គឺវាលឿនខ្លាំងណាស់។

ទី៨ Dengue៖ វីរុសមួយនេះបានកើតឡើងនៅក្នុងទសវត្ស១៩៥០ប្រទេសហ្វីលីពីន និងប្រទេសថៃ ហើយវីរុសមួយនេះបានរីករាលដាលទៅតំបន់ផ្សេងៗទៀតនៅតំបន់ត្រូពិច និងអនុតំបន់ត្រូពិចក្នងពិភពលោក។ ដោយប្រជាជនប្រមាណជា៤០%នៅក្នុងចំណោមប្រជាជនទាំងអស់នៅទូទាំងពិភពលោក គឺកំពុងតែរស់នៅតំបន់ដែលមានជំងឺនេះកំពុងរីករាលដាល ដោយជម្ងឺនេះបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នេះទៀតតាមរយះសត្វមូស ។យោងទៅតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា វីរុសនេះបានឆ្លងទៅកាន់មនុស្សពី៥០ទៅ១០០លាននាក់ជារៀងរាល់ឆ្នាំ។

ទី៩ Rota Virus៖ វីរុសនេះបានកើតឡើងជាច្រើនទៅលើកុមារ និងទារក ក៏ប៉ុន្តែបច្ចុប្បន្នមានវ៉ាក់សាំង២ប្រភេទដើម្បីប្រឆាំងជាមួយនឹងវីរុសនេះ។តែទោះបីជាមានវ៉ាក់សាំងការពារយ៉ាងណាក៏ដោយ ក៏ប៉ុន្តែកុមារនិងទារកតូចៗជារៀងរាល់ឆ្នាំ បានស្លាប់រាប់សិបនាក់ដោយសារតែជម្ងឺមួយនេះ ហើយបើយោងទៅតាមតួលេខរបស់អង្គការសុខភាពកាលពីឆ្នាំ២០០៨ កុមារប្រមាណជា៤សែន៥ម៉ឺន៣ពាន់នាក់ ដែលបានស្លាប់ដោយសារតែការឆ្លងវីរុសកាចសាហាវមួយនេះ ។

ទី១០ Sars-Cov៖ យោងទៅតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ជម្ងឺនេះបានកើតឡើងនៅក្នុងឆ្នាំ២០០២ នៅក្នុងខេត្តក្វាងតុង ភាគខាងត្បូងនៃប្រទេសចិន ។វីរុសមួយនេះត្រូវបានគេដឹងថា ទំនងជាកើតចេញពីសត្វប្រជៀវ ក៏ប៉ុន្តែវីរុសមួយនេះមិនមែងឆ្លងពីសត្វប្រជៀវមកមនុស្សនោះទេ ពោលគឺសត្វប្រជៀវបានទៅខាំសត្វដទៃផ្សេងទៀត បន្ទាប់មកទើបសត្វដទៃទៀតបានមកចម្លងជម្ងឺដល់មនុស្សវិញ។វីរុសមួយនេះបានឆ្លងទៅដល់២៦ប្រទេសនៅក្នុងពិភពលោក ហើយបានចម្លងទៅកាន់មនុស្សជាង៨ពាន់នាក់ នៅក្នុងចំណោម៨ពាន់នាក់នោះ មាន៧៧០នាក់បានស្លាប់ដោយសារជម្ងឺមួយនេះ ។ អាការៈនៃជម្ងឺសារនេះគឺក្ដៅខ្លួនខ្លាំង ឈឺសាច់ដុំ ហើយអាចបង្កឲ្យទៅជាជម្ងឺរលាកផ្លូវដង្ហើម ។

ទី១១ Sars-Cov2៖ Sars-Cov2 នេះគឺជាពូជអម្បូរនៃជម្ងឺវីរុសSars-Covដែរ ដែលជាទូទៅគេហៅវាថា កូរូណាវីរុស(Covid19)។វីរុសមួយនេះបានចាប់ផ្ទុះឡើងនៅខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងវ៉ូហានប្រទេសចិន ដោយបច្ចុប្បន្ននេះយើងហៅវាថា កូវីដ១៩(Covid 19 ) ។ មកទល់នឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ជំងឺកូវីដ១៩បានចម្លងទៅមនុស្សពាសពេញពិភពលោក ជាង៩៣លាននាក់ហើយ ដោយក្នុងនោះបានជាសះស្បើយជាង៥១លាននាក់ ហើយបានស្លាប់អស់ជាង២លាននាក់ ។