រាជធានីភ្នំពេញ៖ បុរសស្រ្ដី២នាក់ប្តីប្រពន្ធ បានចាញ់ល្បិចកលជនកំហូច បោកអស់លុយ៤០ម៉ឺនដុល្លារ ហើយទីបំផុតបានត្រឹមកើតទុក្ខ និងទៅដាក់ពាក្យបណ្ដឹង សុំឲ្យសមត្ថកិច្ចជួយតាមចាប់ខ្លួនជនកំហូចនាំមកកាត់ទោសតាមច្បាប់
បើតាមបណ្តឹងមួយដាក់ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ ថាន់ ថុស អាយុ៥៣ឆ្នាំ ជាប្ដី និងប្រពន្ធ ឈ្មោះ ជា សុខលី អាយុ៥៥ឆ្នាំ ស្នាក់នៅផ្ទះលេខ ៤០ ផ្លូវលំ ភូមិ ជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបោកលុយពីបុរសអាយុ ៥៨ឆ្នាំ និងប្រពន្ធ អាយុ៣៨ឆ្នាំ ស្នាក់នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចំនួន១៥ម៉ឺនដុល្លារ កាលពីខែមករា ២០២០។
បើតាមពាក្យបណ្តឹងនោះ បានបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២០ ជនសង័្សយ ឈ្មោះ ថាន់ ថុល និងឈ្មោះ ជា សុខលី បានលួងលោម និងបោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពសុំខ្ចី លុយ១៥ម៉ឺនដុល្លារ ដោយដាក់តម្កល់ប្លង់ដី១ច្បាប់ និង មូលប្បទានបត្រ ១សន្លឹក ដើម្បីធានាបំណុល។ លុះមកដល់ខែមេសា ឆ្នាំ ២០២០ ជាពេលវេលាជិតដល់ថ្ងៃសងប្រាក់នោះ ភាគីម្ចាស់បំណុល (ជនរងគ្រោះ) បានចុចទូរស័ព្ទទៅរំឭកដល់ជនសង័្សយទាំង២នាក់ប្តីប្រពន្ធថា ជិតដល់ថ្ងៃសងប្រាក់ហើយ។ ប៉ុន្តែជនសង័្សយបានតបមកវិញថា សុំពន្យារពេលសងប្រាក់ដើម ប៉ុន្ដែភាគីជនរងគ្រោះមិនយល់ព្រម។
បើតាមពាក្យបណ្តឹងដដែល បានបន្តថា លុះមកដល់ថ្ងៃកំណត់សងប្រាក់ ជនសង្សយបានបិទទូរស័ព្ទគ្រប់ប្រព័ន្ធ ហើយរត់គេចខ្លួនបាត់។ ក្រោយពេលដឹងថា រឿងនេះមិនស្រួលហើយ ទើបជនរងគ្រោះ បានទៅសុំផ្ទេរសិទ្ធិដីធ្លី នៅមន្ទីរសុរិយោដី ទើបដឹងថា ពួកខ្លួនចាញ់បោកគេ ព្រោះមន្ត្រីសុរិយោដី បានបញ្ជាក់ថា ការចុះបញ្ជីផ្ទេរសិទ្ធិលើអចលនវត្ថុនេះ មិនមែនជាអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ដីពិតប្រាកដ និងស្របច្បាប់ ដែលតម្កល់ទុកពេលកសាងប្លង់រឹងនេះមិនមែនអត្តសញ្ញាណប័ណ្ណឈ្មោះ ចាន់ ថុល និងឈ្មោះ ជា សុខលី ទេ។ រីឯដីនេះក៏មិនមែនជាកម្មសិទ្ធិរបស់ជនសង័្សយទាំង២នាក់នេះដែរ គឺឈ្មោះទាំង២នាក់នេះបានប្រើប្រាស់ប្លង់ដីក្លែងក្លាយ យកមកបោកប្រាស់ជនរងគ្រោះ។
បើតាមពាក្យបណ្ដឹងដដែលនោះ បានបន្ដថា ក្រោយមក អ្នកទាំងពីរនាក់នេះ និងក្មួយរបស់ខ្លួនម្នាក់ទៀត ឈ្មោះ ឡោ ឆេងហុង ភេទប្រុស ថ្ងៃខែឆ្នាំ កំណើត ២៥ -០៥-១៩៩១ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខៈ ០១១៦ ១២១៧៤៥ ចុះថ្ងៃទី ២៥-០២ ២០១៦ អាសយដ្ឋានបច្ចុប្បនៈ ផ្ទះលេខ ១៤ ផ្លូវ០២ សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រុងភ្នំពេញ បានប្រើល្បិចកល ដដែលខ្ចីដោយប្រាក់ចំនួន ២៥ ម៉ឺនដុល្លារ ពីស្ត្រី អាយុ៤០ឆ្នាំម្នាក់ផ្សេងទៀត ស្នាក់នៅក្នុងខណ្ឌទួលគោក ដោយប្រើវិធីសាស្ត្រក្លែងឯកសារ ដូចអ្នកទី១ខាងលើដែរ។
ក្រោយពេលដឹងថា ចាញ់បោកទាំងភ្នែកស្រស់បែបនេះ ទើបភាគីរងគ្រោះទី១ បានប្តឹងទៅក្រសួងមហាផ្ទៃ ពីបទឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ហើយជនរងគ្រោះទី២ បានប្តឹងទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសដូចគ្នានឹងជនរងគ្រោះទី១ដែរ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ ហើយក៏មិនទាន់ដឹងថាជនឆបោក គេចខ្លួនទៅលាក់ខ្លួនទៅទីណានោះដែរ៕