រដ្ឋធានីតេអ៊ីរ៉ង់៖ លោក Mohsen Fakhrizadeh ជាអ្នកវិទ្យាស្រ្ដ​ខាង​អាវុធ​​មហាប្រល័យលោក និងជាអ្នកដើរតួនាទីយ៉ាងសំខាន់  នៅក្នុង​កម្មវិធី​អាវុធ​នុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានគេលួចធ្វើឃាត។

បើតាមសារព័ត៌មាន NHK បានផ្សាយ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថា លោក Mohsen Fakhrizadeh ជាកំពូលអ្នកវិទ្យាសាស្រ្ដ ខាង​អាវុធ​នុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។ លោកបានដើរនាទីយ៉ាងសំខាន់ នៅក្នុង​កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ ហើយត្រូវបាន​គេរាយការណ៍​មកថា លោកត្រូវ​គេធ្វើឃាត។

ក្រសួងការពាជាតិអ៊ីរ៉ង់ បានថ្លែងថា រថយន្ដដឹកលោក Mohsen Fakhrizadeh កំពូលអ្នកវិទ្យាសាស្រ្ដខាងស្រាវជ្រាវ និងអភិវឌ្ឍន៍​នុយក្លេអ៊ែររបស់អ៊ីរ៉ង់រូបនេះ បានរងការវាយប្រហារ កាលពីថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅក្នុងហេតុការណ៍ បានបណ្ដាល​ឲ្យលោក​រង​របួស​ធ្ងន់ ហើយក្រោយមក​ បានស្លាប់ នៅក្នុងមន្ទីរពេទ្យ។

បើតាមបណ្ដាញផ្សព្វផ្សាយ បានរាយការណ៍ថា ការវាយប្រហារនេះ បាន​កើត​ឡើង នៅខាងក្រៅទីក្រុងតេអ៊ីរ៉ង់ ( Tehran)។ រីឯ​សំឡេងបំផ្ទុះ និង​ការបាញ់ប្រហារ អាចស្ដាប់ឮ នៅតំបន់ជុំវិញនោះ។ ប៉ុន្ដែគេមិនទាន់ដឹងថា ក្រុមណាជាអ្នកវាយប្រហារនោះឡើយ។

លោក Fakhrizadeh មានភាពល្បីល្បាញ​ខាង​ការស្រាវ​ជ្រាវ​បច្ចេក​វិទ្យា​អាវុធនុយក្លេអ៊ែរ។ ​កាលពីពេលកន្លងមក លោក ​Fakhrizadeh ត្រូវ​បាន​ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដាក់ឈ្មោះ​ជាប់ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលបាល្លីស្ទីក (Ballistic missiles)។ ប៉ុន្ដែរដ្ឋាភិបាលអ៊ីរ៉ង់ បានច្រានចោល អំពីការអភិវឌ្ឍន៍​អាវុធមហា​ប្រល័យ​លោកនេះ។

ក្រោយ​ការវាយប្រហារនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានសរសេរនៅលើបណ្តាញសង្គម Twitter ថា មានការ​ចង្អុល​បង្ហាញយ៉ាងច្បាស់ ​អំពីតួនាទីរបស់អ៊ីស្រាអែល ពាក់ព័ន្ធ​នឹងការ​វាយ​ប្រហារនេះ។ រីឯទីប្រឹក្សាយោធារបស់លោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង បានសង័្សយថា អ៊ីស្រាអែល កំពុង​តែព្យាយាម​ដាក់​សម្ពាធ​មកលើប្រទេសរបស់ខ្លួន ខណៈរដ្ឋបាលអាមេរិក ក្រោម​ការដឹកនាំ​របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតី នៅតែចាត់ទុកអ៊ីរ៉ង់ជាសត្រូវ៕