រដ្ឋធានីញូវដេលី៖ យន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពឥណ្ឌា បានជួបនឹងហេតុការណ៍ដ៏អាក្រក់ នៅលើដែនសមុទ្រអារ៉ាប់ (Arabian Sea) ខណៈកំពុងតែប្រតិបត្ដិការ ហើយរហូតមកដល់ពេលនេះ អាកាសយានិកម្នាក់ កំពុងតែបាត់ខ្លួន។
បើតាមសារព័ត៌មានរបស់ឥណ្ឌា « Hindustan Times» បានចេញផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា យន្ដហោះមួយគ្រឿងរបស់កងទ័ពជើងទឹកឥណ្ឌា ប្រភេទ MiG-29K បានធ្លាក់ នៅក្នុងសមុទ្រអារ៉ាប់។ នៅក្នុងហេតុការណ៍នោះ ក្រុមអ្នកជួយសង្រ្គោះ បានជួយដល់អាកាសយានិកម្នាក់ឲ្យផុតពីគ្រោះថ្នាក់។ ដោយឡែកអាកាសយានិកម្នាក់ទៀង កំពុងបាត់ខ្លួននៅឡើយ។
កងទ័ពជើងទឹកឥណ្ឌា បានសរសេរ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «យន្តហោះចម្បាំង MiG-29K មួយគ្រឿងរបស់ខ្លួន បានធ្វើប្រតិបត្តិការ នៅលើសមុទ្រអារ៉ាប់។ លុះមកដល់វេលាម៉ោងប្រហែល៥ល្ងាច (ម៉ោងក្នុងតំបន់) ថ្ងៃទី២៦ ខែវិច្ឆិកា យន្ដហោះចម្បាំងនោះបានជួបនឹងហេតុការណ៍ដ៏អាក្រក់ ធ្លាក់ចូលទៅក្នុងសមុទ្រអារ៉ាប់។
ទោះជាយ៉ាងណ កងទ័ពជើងទឹកឥណ្ឌា មិនទាន់បានបញ្ជាក់អំពីមូលហេតុ នៃការធ្លាក់នោះឡើយ ហើយនៅពេលនេះ មន្រ្ដីជំនាញរបស់ឥណ្ឌា កំពុងតែស៊ើបអង្កេតលើករណីនេះ៕