រាជធានីបាងកក៖ ស្រ្ដីម្នាក់បានចងកូនព្យួរ នៅជាន់ទី៣ នៃអគារកម្ពស់៤ជាន់ ហើយគំរាមបោះមកដី តែត្រូវបានក្រុមអ្នកជួយសង្រ្គោះ និងប៉ូលិសចេញទៅជួយសង្រ្គោះទាន់ពេលវេលា ដោយរួចផុតពីគ្រោះថ្នាក់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងខណ្ឌ Soi Ratchada Tha Phra ទីក្រុងបាងកក។
ក្រុមអ្នកជួយសង្រ្គោះ បានឲ្យដឹងថា បើតាមការពិនិត្យមើល ស្រ្ដីជាម្ដាយទំនងជាមានបញ្ហាសរសៃប្រសាទ ទើបនាងគំរាមបោះកូនរបស់ខ្លួន ពីជាន់ទី៣ នៃអគារកម្ពស់៤ជាន់ ជាផ្ទះល្វែង ដែលនាងរស់នៅ។ ឃើញហេតុការណ៍បែបនេះ ក្រុមអ្នកជួយសង្រ្គោះ និងប៉ូលិស មកពីស្ថានីយ Bukkalo បានចេញទៅធ្វើអន្ដរាគមន៍ដោយប៉ូលិសព្យាយាមចរចា និងលួងលោម អស់រយៈពេលជាច្រើនម៉ោង។ ស្របពេលនេះ ប៉ូលិស និងក្រុមអ្នកជួយសង្រ្គោះខ្លះទៀត បានលួចឡើងទៅជាន់ខាងលើ និងជួយសង្រ្គោះក្មេងនោះ ឲ្យរួចផុតពីគ្រោះថ្នាក់។
បើតាមបុរសជាប្តីរបស់ស្រ្ដីខាងលើនេះ បានប្រាប់ប៉ូលិសថា ប្រពន្ធរបស់គាត់ មិនបានធ្វើការងារអ្វី ចាប់តាំងពីនាងមានកូនមកម៉្លេះ។ រីឯស្ថានភាព នៅក្នុងគ្រួសាររបស់គាត់ តែងតែមានការឈ្លោះប្រកែកគ្នាម្តងម្កាល ដែរ រវាងពួកគេទាំងពីរប្ដីប្រពន្ធ។ ប៉ុន្តែជម្លោះនោះមិនមានអ្វីធ្ងន់ធ្ងរនោះទេ ហើយប្រពន្ធរបស់គាត់ ក៏មិនមានជំងឺអ្វីនោះដែរ។
ក្រោយពេលកើតហេតុ ប៉ូលិសបានបញ្ជូនស្រ្ដីជាម្ដាយទៅកាន់វិទ្យាស្ថានចិត្តសាស្រ្ដ Somdet Chaopraya ដើម្បីពិនិត្យមើលខួរក្បាលរបស់នាង៕