ភ្នំពេញ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជួយដល់ជនរងគ្រោះដែលទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ក្នុងប្រទេសកម្ពុជាតាមរយៈការឧបត្ថម្ភនូវទឹកប្រាក់ ៥៥.០០០ ដុល្លារអាមេរិកដល់សាលារាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ទឹកប្រាក់នេះ នឹងត្រូវប្រើប្រាស់ដើម្បីទិញអង្ករប្រមាណ ១០០ តោនដើម្បីចែកជូនដល់ពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

ការគំរាមកំហែងនៃជំងឺកូវីដ-១៩ បានបន្តបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់សហគមន៍។ ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសអំពីការបិទសាលារៀន និងកន្លែងកម្សាន្តក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាលបណ្តោះអាសន្នរយៈពេល ២ សប្តាហ៍។ គិតត្រឹមថ្ងៃអង្គារ ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣០៣ នាក់ដែលក្នុងនោះមានអ្នកជាសះស្បើយ ២៩១ នាក់ និងកំពុងសម្រាកព្យាបាល ១២ ករណី។

អំណោយនោះ ត្រូវបានទទួលដោយអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅក្នុងពិធីប្រគល់ និងទទួលដែលចូលរួមដោយនាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen នាយកប្រតិបត្តិហិរញ្ញវត្ថុ លោក Sean Tan និងនាយកប្រតិបត្តិធនធានមនុស្ស លោក Hein Dames ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា “តាងនាមឲ្យពលរដ្ឋនៅក្នុងសហគមន៍របស់យើង យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការឧបត្ថម្ភរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។ ទឹកជំនន់ក្នុងឆ្នាំនេះ មានទំហំធំដែលបង្កផលប៉ះពាល់ដល់ប្រជាជនជាច្រើននៅតាមសហគមន៍ ខណៈជំងឺរាតត្បាតកូវីដ-១៩ ក៏បានបង្កបញ្ហាដល់គ្រប់គ្នាផងដែរជាពិសេសអ្នកដែលបានបាត់បង់ឱកាសការងារ។ តាមរយៈការបរិច្ចាគអង្ករដ៏មានសារសំខាន់នេះ យើងអាចជួយសម្រួលការលំបាកបានខ្លះដែលអ្នកដែលកំពុងត្រូវការជំនួយបំផុត”។

ចំណែក លោក Pern Chen បានឲ្យដឹងផងដែរថា “ពាក្យស្លោករបស់ណាហ្គាវើលដ៍បេះដូងសប្បុរស គឺ ‘យើងបម្រើកម្ពុជា’”។ “គំនិតផ្តួចផ្តើមការងារសង្គមដែលបាន និងកំពុងបន្តរបស់យើង គឺឧបត្ថម្ភគាំទ្រដល់សហគមន៍ដែលត្រូវការជំនួយបំផុត ជាពិសេសនៅក្នុងពេលវិបត្តិជំងឺរាតត្បាតនេះ។ យើងសង្ឃឹមថា អំណោយជាអង្កររបស់យើង នឹងជួយសម្រាលការលំបាកខ្លះដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតដែលរងផលប៉ះពាល់ពីការផ្ទុះនៃជំងឺដ៏កាចសាហាវនេះ។ យើងក៏សូមកោតសរសើរដល់មន្ត្រីរបស់សាលារាជធានីភ្នំពេញផងដែរដែលបានធ្វើការឥតមាននឿយហត់ជួយដល់សហគមន៍ និងសម្របសម្រួលការដឹកជញ្ជូនអង្ករ”។

លោក Pern Chen បានធ្វើការកត់សម្គាល់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានបរិច្ចាគទឹកប្រាក់ ៥៥.០០០ ដុល្លារអាមេរិកដល់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី១៩ ខែតុលាដើម្បីទិញអង្ករចែកជូនដល់ជនរងគ្រោះដោយសារទឹកជំនន់។ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានឧបត្ថម្ភបរិក្ខារមួយចំនួនដល់សាលារាជធានីភ្នំពេញផងដែរកាលពីខែឧសភាដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ដែលការឧបត្ថម្ភនេះ គឺជាផ្នែកមួយនៃការឧបត្ថម្ភបរិក្ខារពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រដល់ស្ថាប័នរដ្ឋក្នុងអំឡុងពេល ៥ ខែកន្លងមកដើម្បីឆ្លើយតបទៅនឹងការផ្ទុះនៃជំងឺរាតត្បាតដែលមានទឹកប្រាក់សរុបជាង ១១៨.០០០ ដុល្លារអាមេរិក។

គួរដឹងផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភដល់ក្រសួងសុខាភិបាលនូវផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ ទែរម៉ូម៉ែត្រស្វ័យប្រវត្តិ និងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ ១០០ ឈុតដើម្បីរក្សាសុវត្ថិភាពដល់សិស្សានុសិស្សនៅតាមសាលារៀនដែលបើកដំណើរការឡើងវិញ ម៉ាស៊ីនធ្វើតេស្តរកមេរោគ ១ គ្រឿង ឧបករណ៍ធ្វើតេស្តរកមេរោគ ៦.៤០០ ឈុត ឧបករណ៍ប្រមូលសំណាក ៣.០០០ ឈុត កុំព្យូទ័រយួរដៃ ៥ គ្រឿង និងជែលលាងដៃ ៥០០ ដប។ លើសពីនេះ ម៉ាស់មុខសរុប ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុល ៧២០ លីត្រ ត្រូវបានឧបត្ថម្ភដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញផងដែរ។