រាជធានីបាងកក៖ ស្រ្ដីម្នាក់បានបើករថយន្ដបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅ​បុកបង្គោល​ភ្លើង​យ៉ាងពេញទំហឹង បណ្ដាលឲ្យកៀបជាប់​នៅក្នុងរថយន្ដស្លាប់យ៉ាងអាណោចអាធ័ម ហើយ​កូនប្រុសរបស់នាង បានផ្លោងចេញក្រៅ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពី​វេលា​​ម៉ោង២ និង១០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅក្នុងខេត្ត Ubon Ratchathani ប្រទេសថៃ។

ប៉ូលិសថៃ បានឲ្យដឹងថា ជនរងគ្រោះ ជាម្ដាយ ឈ្មោះ Sukanya Tawarom អាយុ២៦ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ រីឯកូនប្រុសរបស់នាង មិនទាន់ស្គាល់ឈ្មោះ មានអាយុ​៣ឆ្នាំ បានរងរបួស បន្ដិចបន្តួច។

ប៉ូលិសថៃ បានបញ្ជាក់ថា បើតាមការពិនិត្យ នៅលើគណនីបណ្ដាញ​សង្គមហ្វេសប៊ុក​របស់​ជនរង​គ្រោះ បានឲ្យដឹងថា កាលពី៥ម៉ោង មុនពេលជួប​នូវឧប្បត្ដិហេតុគ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ជនរងគ្រោះបានចាកចេញពីមិត្តប្រុសរបស់នាង។ លុះមកដល់វេលាខាងលើ ស្រាប់តែ​មានគ្រោះថ្នាក់ចរាចរណ៍បែបនេះ កើតឡើងតែម្ដង។

ប៉ូលិសថៃ បានបន្ថែមថា បើតាមការពិនិត្យមើល នៅកន្លែងកើតហេតុ ជនរងគ្រោះ បានបើក​រថយន្ដ ក្នុងល្បឿងលឿនបំផុត ទើបជ្រុលចង្កូតទៅបុកបង្គោលភ្លើង កៀបជាប់នៅក្នុងរថយន្ដ បណ្ដាលឲ្យនាងស្លាប់បែបនេះ។ រីឯប៉ូលិសបានព្យាយាមយ៉ាងយូរ ទម្រាំគាស់​រថយន្ដយក​សាក​សព​របស់នាង ចេញមកខាងក្រៅបាន។ ដោយឡែកកូនប្រុសរបស់ជនរងគ្រោះ មាន​អាយុ​៣ឆ្នាំ បានផ្លោងចេញមកខាងក្រៅរថយន្ដ តែសំណាងល្អ មិនមាន​គ្រោះថា្នក់​ដល់​អាយុ​ជីវិត ដោយគ្រាន់តែគេរងរបួសបន្ដិចបន្ដួចតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា ក្រោយពេលកើតហេតុ ប៉ូលិសកំពុង​តែទាក់ទង​ទៅមិត្ដប្រុស​របស់​ជនរង​គ្រោះ ដើម្បីសាកសួរឲ្យដឹងព័ត៌មានបន្ថែម អំពីទំនាក់ទំនងរបស់ពួកគេ នៅមុនពេល​កើត​ហេតុ ថាមានរឿងអ្វីកើតឡើង ទើបធ្វើឲ្យជនរងគ្រោះខឹង និងបើករថយន្ដ ក្នុងល្បឿង​យ៉ាង​លឿន​បែបនេះ៕