រាជធានីបាងកក៖ ស្រ្ដីម្នាក់រស់នៅទីខេត្តអយុធ្យា ឃើញកូនរបស់ខ្លួន ទើបនឹងមានអាយុ១ខែ កើតអាការរាករុស ក៏នាំទៅចាក់ថ្នាំ ស្រាប់តែស្លាប់មួយរំពេញ បែរជាគ្រូពេទ្យឆ្លើយថា ឈ្លក់ទឹកដោះគោ ក៏រត់ទៅប្ដឹងសមត្ថកិច្ចឲ្យជួយស្រាវជ្រាវ ស្វែងរកមូលហេតុនេះ។
បើតាមសារព័ត៌មាន The Nation បានផ្សាយថា ស្រ្ដីម្នាក់បាននាំកូនរបស់គាត់ ទើបនឹងកើតបាន រយៈពេលមួយខែ នាំទៅចាក់ថ្នាំ នៅក្នុងមន្ទីរពេទ្យសាកលវិទ្យាល័យ Thammasat នៅ Pathum Thani ។ ប៉ុន្ដែក្រោយពេលចាក់ថ្នាំហើយបានបន្ដិច ទារកនោះបានស្លាប់។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលកើតមានករណីបែបនេះ ស្រ្ដីជាម្ដាយបានទៅដាក់ពាក្យបណ្ដឹង នៅក្នុងស្ថានីយ៍ប៉ូលិស Phra Nakhon Si Ayutthaya កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ បើតាមពាក្យបណ្ដឹង បានរៀបរាប់ថា វេជ្ជបណ្ឌិតម្នាក់ នៅក្នុងមន្ទីរពេទ្យ ជាកន្លែងដែលទារកនោះស្លាប់ បានអះអាងថា ទារកនេះស្លាប់ ដោយសារឈ្លក់ទឹកដោះគោ។ ប៉ុន្ដែដោយសារបញ្ហានេះ ទើបស្ដ្រីជាម្ដាយកើតការងឿងឆ្ងល់ និងមកដាក់ពាក្យបណ្ដឹង សុំឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ។
បើតាមសម្ដីរបស់ស្រ្ដីជាម្ដាយ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បាននាំកូនរបស់គាត់ មកកាន់មន្ទីរពេទ្យខាងលើ។ ប៉ុន្ដែវេជ្ជបណ្ឌិត នៅក្នុងមន្ទីរពេទ្យនោះ បានប្រាប់ថា កូនរបស់គាត់កើតអាការរាករុសធ្ងន់ធ្ងរ ហើយត្រូវចាក់ថ្នាំ ដើម្បីព្យាបាល។ បន្ទាប់មក គិលានុប្បដ្ឋាយិកា បានចាក់ថ្នាំឲ្យកូនរបស់គាត់ ស្រាប់តែមួយសន្ទុះក្រោយមក កូនរបស់គាត់បានស្លាប់ ហើយបុគ្គលិកពេទ្យ បែរជាប្រាប់ថា កូនរបស់គាត់បានស្លាប់ ដោយការឈ្លក់ទឹកដោះគោទៅវិញ។ ដោយសារតែបញ្ហានេះ ទើបធ្វើឲ្យគាត់កើតការងឿងឆ្ងល់។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចថៃកំពុងតែស៊ើបអង្កេត លើករណីនេះ ដើម្បីស្វែងរកការពិត៕