បុរសវ័យចំណាស់ម្នាក់ មានអាយុជិតដល់ថ្ងៃចូលរណ្ដៅទៅហើយ មិនព្រមរក្សាធម៌អាថ៌ ធ្វើឲ្យខ្លួនក្លាយជាមនុស្សគំរូដល់ក្មេងជំនាន់ក្រោយ យកតម្រាប់តាម តែផ្ទុយទៅវិញ បែរជាទុកឲ្យតណ្ហាដឹកមុខ លបចាប់ក្មេងស្រីអាយុ៤ឆ្នាំរំលោភសេពសន្ថវ: តែអស់លក្ខណ៍ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅតាមផ្លូវ នៅក្នុងស្រុក Muang ខេត្ត Kanchanaburi ប្រទេសថៃ។
ប្រភពព័ត៌មាន បានឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ Chu Phanpha អាយុ៦៩ឆ្នាំ។ រីឯការចាប់ខ្លួនជនជាប់ចោទខាងលើនេះ គឺប៉ូលិសធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញដោយតុលាការខេត្ត Nakhon Phano។
បើតាមមន្រ្ដីប៉ូលិស បានឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ Chu Phanpha និងប្រពន្ធរបស់គាត់ បានយកក្មេងស្រីរងគ្រោះមកចិញ្ចឹម ចាប់តាំងពីនាងនៅជាទារកមកម៉្លេះ។ លុះពេលនាងមានអាយុ៤ឆ្នាំ ក៏ចាប់រំលោភសេពសន្ថវ: ខណ:នាងដេកនៅក្នុងបន្ទប់របស់នាង។ ប៉ុន្ដែប្ដីបានហាមក្មេងស្រីនោះ មិនឲ្យប្រាប់រឿងអាស្រូវដល់អ្នកដទៃ។ លុះព្រឹកឡើង ប្រពន្ធរបស់ជនសង័្សយបាននាំក្មេងស្រីរងគ្រោះទៅងូតទឹក ក៏មានឃើញការដាច់ស្នាមលើប្រដាប់ភេទរបស់ក្មេងស្រីរងគ្រោះ។
ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់ឃើញអាការបែបនេះ ប្រពន្ធរបស់ជនសង័្សយបានសួរទៅប្ដីរបស់គាត់ថា តើលោកប្ដីបានធ្វើអ្វីដល់នាង។ លុះក្រោយមក គាត់បានលួងក្មេងស្រីរងគ្រោះ ហើយសួរនាំ ទើបនាងព្រមប្រាប់។ នៅពេលដឹងការពិតហើយ ប្រពន្ធរបស់ជនសង័្សយក៏បានប្ដឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួនប្ដីកំហូចនោះ នាំយកទៅដាក់គុកតែម្ដង៕