រាជធានីភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលទេ នៅព្រឹកថ្ងៃទី២៧ សីហា ស្អែកនេះ អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នឹងប្រគល់ផែនទីឋានលេខាព្រំដែន ខ្នាត១/២៥០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់ ។
ពិធីប្រគល់នេះ នឹងធ្វើឡើងនៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន រួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ។
លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនបានបញ្ជាក់ឱ្យដឹងថា ក្រសួង ស្ថាប័ន និង អង្គភាពចំនួន៣៥ នឹងទទួលបានផែនទីឋានលេខាព្រំដែនខ្នាត ១/២៥០០០ ដើម្បីយកទៅប្រើប្រាស់ ។ លោកស្រីបន្តថាផែនទីនេះជាការបង្ហាញនូវសមិទ្ធផលនៃការបោះបង្គោល ព្រំដែនរវាងកម្ពុជា-វៀតណាម ដែលសម្រេចបាន ៨៤ភាគរយ។
ផែនទីឋានលេខាព្រំដែនគោកខ្នាត ១/២៥០០០ ត្រូវបានភាគីវៀតណាមធ្វើពិធីប្រគល់និងទទួលឲ្យកម្ពុជាកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នៅច្រកទ្វារព្រំដែន អន្តរជាតិម៉ុកបាយ ខេត្តតៃនិញវៀតណាម ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយលោក វ៉ា គឹមហុង និង គណៈប្រតិភូវៀតណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្ត្រី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម។
ផែនទីនេះនឹងប្រគល់ផែនទៅឱ្យបណ្តាខេត្តតាមព្រំដែនកម្ពុជាវៀតណាម ដោយសម្តេច ពិជ័យសេនា ទៀ បាញ់ ជាអ្នកតំណាងឱ្យសម្តេច ធ្វើការប្រគល់ផែនទីនេះ សម្រាប់ការប្រើប្រាស់ជាព្រំដែនផ្លូវការរាប់ទាំងកងទ័ពក៏ត្រូវប្រើប្រាស់នូវផែនទីហ្នឹងដែរ ៕