រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០២០ ខាងផលិតកម្មថោន បានចេញលិខិតអញ្ជើញតារាសម្រៀង លោកខេម ចូលមកដោះស្រាយ និងបកស្រាយរឿងកិច្ចសន្យាជាមួយនឹងផលិតកម្ម ក្រោយតារារូបនេះបានចេញទៅច្រៀងឲ្យផលិតកម្មផ្សេងទៀត ខណៈដែលខ្លួនកំពុងតែនៅជាប់កុងត្រាជាមួយនឹងផលិតកម្មចាស់នៅឡើយនោះ។

ក្រោយឃើញលិខិតអញ្ជើញរបស់ម្ចាស់ផលិតកម្មថោន តារាចម្រៀងលោក ខេម បានសរសេរសារបង្ហោះលើគណនីផ្ទាល់ខ្លួន រៀបរាប់ពីអារម្មណ៍យ៉ាងអន់ចិត្តយ៉ាងវែងអន្លាយ រហូតប្រើពាក្យសុទ្ធឆ្កែមួយក្បាលទៀតផង ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ស្របពេលនោះដែរ មានតារាចម្រៀងក្នុងផលិតកម្មថោន ចំនួន៤ដួង បានប្រតិកម្មចំពោះតារាចម្រៀងខេម។

តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានសរសេរសារបង្ហោះក្នុងគណនីហ្វេសប៊ុក Sokun Therayu Heng កាលពី១១ម៉ោងមុន មានខ្លឹមសារថា « ខ្ញុំអត់ចង់និយាយអីច្រើនទេ តែដើររកអ្នកមានគុណចំពោះក្បាលអ្នកឯងទៅ បើបានចឹង ខ្លួនក្រពើក្បាលជាពស់ហើយនៅមិនដឹងខ្លួនទៀតបកក្បាលមកចឹកគេវិញទៀត ខ្ញុំនៅកន្លែងនេះរាប់ឆ្នាំហើយ អ្នកណាចេញអ្នកណាចូលតើដែលមានគេធ្វើចារិតដូចអ្នកឯងទេ? មានតែគេចេញទៅហើយគេនៅគោរពគាត់ តែអ្នកឯងវិញមិនត្រឹមវាត់កន្ទុយទេបកក្បាលមកចឹកគេវិញទៀត បើកើតជាមនុស្សជាតិនេះហើយសូមរស់ឲ្យសមពាក្យថា “មនុស្ស” ផង»។

ចំណែក កញ្ញាប៊េប៊ី វិញ បានសរសេរសារបង្ហោះក្នុងគណនីហ្វេសប៊ុក Ah Be Angellas កាលពី៤ម៉ោងមុន មានខ្លឹមសារថា «ខ្ញុំតែងតែគោរពស្រលាញ់មេទាំងពីរជានិច្ច គាត់មិនដែលទាមទារអ្វីពីកូនចៅក្រៅពីចង់ឃើញកូនចៅខំប្រឹងជោគជ័យ អរគុណមេទាំងពីរដែលបានផ្ដល់ឱកាសដល់នាងខ្ញុំចូលវិស័យចម្រៀងក្នុងផលិតកម្មថោន អរគុណមេ ដែលតែងតែយោគយល់ដល់ខ្ញុំជានិច្ច»។

រីឯ តារាចម្រៀង ករុណា ពេជ្រ បានសរសេរសារបង្ហោះក្នុងគណនីហ្វេសប៊ុក Karona Pichtown កាលពី១១ម៉ោងមុន មានខ្លឹមសារថា « ហ៊ឺ …. មានន័យណាស់ … មិនគួរទៅជាអញ្ចឹងសោះ…ខេម ក៏ជាមនុស្សស្លូតបូតដឹងខុសត្រូវ ហើយមេ ក៏ជាមនុស្សល្អជួយស្រោចស្រង់ខេម តាំងពីជំហានដំបូងគ្មានអ្វីសោះ….
សង្ឃឹមថាអ្វីៗនឹងល្អចោះ…ប៉ុន្តែខ្ញុំមិនដែលដឹងថា ពេលខេម មានការតូចចិត្តខេម តែងតែរត់ទៅយំឱបម្តាយ ប៉ុន្តែខ្ញុំដឹងត្រឹមតែពេលដែលខេម មានរឿងក្លាយជាទុក្ខ ខេមតែងតែ call រត់រកមេ … ហើយមុន call ទៅមេ ខេមតែងតែតេមកខ្ញុំ ព្រោះខេម អាចដឹងថា ខ្ញុំជាព្រាបនាំសារបានដល់មេ ប៉ុន្តែជាធម្មតាទៅហើយ ដែលបុគ្គលិកចាស់ថ្មីទាំងអស់តែងតែធ្វើចឹង…ទើបតែប៉ាខ្ញុំឈឺ ខ្ញុំដកខ្លួនពីផលិតកម្មទេ ទើបលែងមានដូចមុន ក៏ប៉ុន្តែមានគេយូរៗម្តង នៅតែតេមកឲ្យខ្ញុំជួយនិយាយជាមួយមេ បើកផ្លូវមុនរហូត ប៉ុន្តែសោកស្តាយខ្លួនឯង គឺថា មិនដែលនៅខាងមេម្តងណាទេ គឺនៅតែខាងបុគ្គលិក និងតារាចម្រៀងរហូត… ប៉ុន្តែនៅពេលនេះ ខ្ញុំនៅតែជាមនុស្សកណ្តាលម្នាក់ក្នុងរឿងនេះមិនលំអៀងដដែល ប្រសិនបើខាងមេ រឺខាងខេម ត្រូវការខ្ញុំជាសាក្សីរស់… ខ្ញុំនៅតែធ្វើជាសាក្សីរស់ដល់ទីបញ្ចប់..»។

ដោយឡែក កញ្ញា រ៉ាប៊ី បានសរសេរសារបង្ហោះក្នុងគណនីហ្វេសប៊ុក Ra Bee កាលពី៥ម៉ោងមុនមានខ្លឹមសារថា « គាត់ជាម្ចាស់ផលិតកម្មថោន មិនដែលយកភាគរយពីកូនចៅទេ ឲ្យយតែកូនចៅមានបាន ខ្ញុំស្គាល់ពួកគាត់ គាត់ជាមនុស្សល្អ ស្រលាញ់កូនចៅ គួរឲ្យគោរព»។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ តារាចម្រៀង លោក ខេម បានធ្វើការបង្ហោះយ៉ាងវែងអន្លាយពាក់ព័ន្ធនឹងករណីរឿងកិច្ចសន្យានេះ ដោយលោកបានសរសេររៀបរាប់ថា «យប់ជ្រៅហើយ អរគុណគ្រប់យ៉ាងមេ មេពិតជាមេដ៏ល្អមែន ច្រើនឆ្នាំមកហើយដែលឆ្កែមួយក្បាលនេះបម្រើម្ចាស់មិនដែលទាមទាអ្វីឡើយ ហើយក៏មិនដែលធ្វើអ្វីអោយមេលំបាកនោះទេ គ្រាន់តែឃើញលិខិតមួយដែលមេបង្ហោះជាសាធារណៈថាឆ្កែមួយក្បាលដែលស្មោះត្រង់រាប់ឆ្នាំនេះបំពានកុងត្រានោះគឺពិតជាភ្ញាក់ផ្អើលហួសចិត្ត ព្រោះឆ្កែមួយក្បាលនេះមិនដែលមានបំណងឡើយហើយឆ្កែមួយក្បាលនេះគឺសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ។

តែមេថានៅកុងត្រា តែឆ្កែមួយក្បាលសុំមើលជាច្រើនលើកហើយ ថាបើនៅនឹងនៅច្រៀងទៀតតែមេគេចវេសរុញទៅអ្នកនេះអ្នកនោះមិនឱ្យមើល (ឬមេចង់អោយខ្ញុំបង្ហាញភ័ស្តតាងតាមហ្វេសបុកនេះ) ខ្ញុំមិននឹកស្មានថាមេខ្ញុំដែលសព្វថ្ងៃជា ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញវត្តុក្រុងភ្នំពេញមានលុយរាប់សិបលានដុល្លា ហៀរចាយមិនអស់ ជាមនុស្សដែលមានចំណេះដឹងខ្ពស់បែរមានគំនិតចង់បំផ្លាញឆ្កែមួយក្បាលដែលធ្លាប់រស់នៅបម្រើជាច្រើនឆ្នាំបក្សពួកនិយមក្នុងក្រុមហ៊ុនដែលបែងចែកការស្រលាញ់យ៉ាងឆ្ងាយផុតលេខ ទោះដឹងថាមេស្រលាញ់ពួកគេនោះក្នុងឋានះអ្វីក៏ដោយ ទាំងដែលឆ្កែមួយក្បាលនេះប្រឹងព្រុសអោយម្ចាស់ខ្លាំងជាងគេនៅក្រុមហ៊ុនទោះបីមេមិនដែលខ្វល់នឹងបោះឆ្អឹងអោយក៏ដោយក៏ឆ្កែមួយក្បាលនេះគោរពនឹងស្រលាញ់ម្ចាស់ស្មោះស្ម័គ្របំផុត ។

មេអើយមេ មេមើលឃើញតែអ្នកពិសេសរបស់មេទាំងពីរនាក់ដែលមេផ្ដល់អោយគ្រប់យ៉ាងតែឆ្កែមួយក្បាលនេះមេមិនដែលខ្វល់ទេចង់អោយព្រុសក៏ហៅទៅព្រុស ។ មេកុំបង្ខំអោយឆ្កែអនាថាមួយក្បាលនេះចេះខាំអី មេអើយទុកអោយគ្នារកឆ្អឹងចញ្ចឹមជីវិតនិងម្ដាយជាស្ត្រីមេម៉ាយដ៏កំសត់ផង មេក៏ដឹង មេមានដឹងទេថាឆ្កែអនាថាមួយក្បាលនេះដេកហូរទឹកភ្នែកប៉ុន្មានឆ្នាំមុននឹងសំរេចចិត្តចេញពីម្ចាស់ ប៉ុន្មានឆ្នាំចុងក្រោយសូម្បីតែចង់បានចម្រៀងចេញក៏ឆ្កែនេះត្រូវរត់ត្រុកៗដើរកបទខ្លួនឯងដែរ មេដែលមើលកំហុសខ្លួនឯងដែលធ្វើដាក់ឆ្កែនេះទេ? បើម្ចាស់ផ្ដល់ភាពកក់ក្ដៅអោយតែ5%នៃមនុស្សពិសេសទាំងពីរបស់មេឆ្កែមួយក្បាលនេះសុខចិត្តបំរើម្ចាស់ដល់ថ្ងៃចុងក្រោយ»៕

ឆ្កែម្នាក់នេះទ្រាំខាំធ្មេញសង្កត់បំផុតព្រោះស្រឡាញ់ម្ចាស់មានពេលមួយនោះខ្ញុំគេងយំម៉ែសួរខ្ញុំថាកើតអីកូន? ខ្ញុំប្រាប់វិញថាខ្ញុំមិនចង់ចាកចេញពីកន្លែងចាស់ទេ ខ្ញុំមានអនុស្សាវរីយច្រើណាស់ ម៉ែប្រាប់ថាគ្មានការជួបណាដែលមិនបែកនោះទេកូនត្រូវស្ងប់ស្ងាត់ម៉ែកូនទ្រាំច្រើនពេកហើយមែនទេ? កូនល្ងង់ណាស់មែនទេ? ឬមកពីគ្រួសារយើងគ្មានឪពុក គ្មានបងប្អូន គ្មានខ្សែ គ្មានខ្នង ទើបខ្ញុំទទួលរឿងទាំងនេះម៉ែអើយតើខ្ញុំគួរទ្រាំទៀតទេ។

មែនហើយចេតនាមេពេលនេះចង់អោយឆ្កែមួយក្បាលនេះត្រូវគេស្អប់ទ័លច្រកបូករួមទាំងកន្លែងថ្មីមេចង់អោយគេស្អប់ខ្ពើមមែនទេ? មេមិនពិបាកធ្វើទេរឿងនេះ។
លិខិតអញ្ចើញរបស់មេមួយសន្លឹកនេះគឺពិតជាឃើញទឹកចិត្តដ៏ថ្លៃថ្លាណាស់សំរាប់ឆ្កែមួយក្បាលនេះណាស់ ទោះបី ដីកាកោះរបស់តុលាកាក៏ទុកពេលអោយបានយូរជាងនេះដែរបើនិយាយពីផ្លូវច្បាប់ តើមេមានបំណងអ្វី? ហៅថ្ងៃនេះអោយទៅស្អែក ពីព្រោះស្អែកនេះមេដឹងថាឆ្កែនេះទទួលកម្មវិធីគេរកចំណីចញ្ចឹមក្រពះមែនទេ។

មេក៏ដឹងថាខ្ញុំបានបញ្ចប់ការងាជាមួយគ្នាហើយមុនពេលចាកចេញមេចង់មានកម្មពារជាមួយគ្នាធ្វើអី ឬមេពិបាកទទួលយកនៃភាពជោគជ័យរបស់ខ្ញុំមេអើយឆ្កែមួយក្បាលនេះមេកុំបង្ខំវាអី វាសុំមួយរស់ទេមានរឿងច្រើនណាស់ដែលឆ្កែមួយក្បាលនេះលាក់ក្នុងចិត្តដោយការឈឺចាប់បំផុត មេអាចដាក់កំហុសគ្រប់យ៉ាងមកឆ្កែអនាថានេះបានដើម្បីកិត្តិយសមេតែបើមេព្យាយាមវៃក្បាលឆ្កែនេះអាចនឹងពេលមួយវាទ័លច្រក»៕