ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ព្យាយាមរាយខ្សែភ្លើងចេញពីផ្ទះ ដើម្បីឆក់ត្រីក្នុងប្រឡាយ ប៉ុន្តែភ្លាត់ស្នៀតឆ្លងចរន្តអគ្គិសនីឆក់ខ្លួនឯង បានបាត់បង់ជីវិតក្នុងទឹកប្រឡាយ គួរអោយអាណោចអាធ័ម ។
ហេតុការណ៍អកុសលនេះ បានកើតឡើងនៅម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៨ សីហា ២០២០ ត្រង់ចំណុចប្រឡាយខាងជើង ចម្ងាយប្រមាណ៧០ម៉ែត្រ ពីផ្ទះជនរងគ្រោះ ស្ថិតនៅភូមិត្រាង សង្កាត់ស្វាយអាត់ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃន ឃី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ បានរាយខ្សែភ្លើងចេញពីផ្ទះចំនួន២ដុំ ភ្ជាប់ជាមួយឬស្សីមានដែក ប្រវែងប្រមាណជាង៣ម៉ែត្រ ចំនួន២កំណាត់ ក្នុងគោលបំណងឆក់ត្រី ប៉ុន្តែក៏ត្រូវភ្លាត់ស្នៀតបែបនេះ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះពិនិត្យ និងធ្វើការស្រាវជ្រាវរកឃើញថាជនរងគ្រោះពិតជាបាត់បង់ជីវិតដោយសារឆ្លងចរន្តអគ្គិសនីឆក់ខ្លួនឯងពិតប្រាកដមែន ក្រោយធ្វើកំណត់ហេតុរួចហើយ និងបានប្រគល់សពជូនសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕