ខេត្តតាកែវ ៖ ក្លោងទ្វារចូលវត្តទន្លេបាទី តែបានសាងសង់ឡើងជាង៥០ឆ្នាំមកហើយនោះ ត្រូវបានបាក់រលំ នៅម៉ោងជាង ៤រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ដោយសារអ្នកបើករថយន្តកុងតឺន័រមួយគ្រឿង បានបើកបុក
ប៉ុន្តែសំណាងល្អ តៃកុងរថយន្តបានឱនផុតរួចជីវិត ហើយករណីនេះ ពុំបានបង្កឲ្យមានរងរបួសដល់មនុស្សឡើយ ។
បើតាមលោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ខេត្តតាកែវ បានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តកុងតឺន័រ របស់ក្រុមហ៊ុន Premium Logistic ដឹកសម្ភាររោងចក្រកាត់ដេរ បានបើកបត់បុកក្លោងទ្វារចូលវត្តទន្លេបាទី បណ្តាលឲ្យបាក់ខ្ទេចគ្មានសល់ ។
លោក ឆាយ កែវមុនី បញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងនៅក្លោងទ្វារវត្តទន្លេបាទី ស្ថិតលើផ្លូវជាតិលេខ២ ក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកទន្លេបាទី ខេត្តតាកែវ ដែលក្លោងទ្វារនោះ ត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ១៩៦៩មកម្ល៉េះ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរកុងតឺន័រ និងរថយន្ត ដើម្បីដោះស្រាយតាមនីតិវិធី ។ ចំណែកទំនិញដែលនៅលើកុងតឺន័រ សម្រាប់បម្រើដល់រោងចក្រកាត់ដេរ ត្រូវបានប្រគល់ជូនម្ចាស់ទំនិញ ៕