រាជធានីភ្នំពេញ ៖ បុរសម្នាក់នៅសុខៗចង់ល្បីខ្លាំងពេក ក៏បែកគំនិតយកព័ត៌មានចាស់ (គ្រោះអគ្គិភ័យតាំងពីខែមិថុនា) មកឡាយឡើងវិញ ក្នុងបំណងចង់ឱ្យគេចូលមើលផេករបស់ខ្លួនឱ្យបានច្រើនឆាប់ល្បី តែបែរជាធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេស បង្កឱ្យមានចលាចលក្នុងសង្គម រហូតត្រូវបានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅឱ្យចូលខ្លួនបំភ្លឺ ទីបំផុតក៏សម្រេចធ្វើការសុំទោសជាសាធារណៈចំពោះកំហុសឆ្គងរបស់ខ្លួន ។
បុរសឈ្មោះ សំ កុម្ភៈ ជាម្ចាស់គណនីហ្វេសប៊ុកផេក TCB អលចនទ្រព្យកម្ពុជា ដែលបានយករូបភាពវីដេអូ ករណីឆេះផ្ទះប្រជាពលរដ្ឋដែលបានកើតឡើងតាំងពីខែមិថុនា ឆ្នាំ២០១៩ នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន យកមកធ្វើការបង្ហោះឡាយជាវីដេអូ (Live Steam) កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៣០នាទី នៅរាជធានីភ្នំពេញ ក្នុងគោលបំណងចង់ឲ្យមានភាពទាក់ទាញខ្លាំង ដែលធ្វើអោយសាធារណជនមានការភ័ណ្ឌច្រឡំ ជាពិសេសអាចបង្កឲ្យមានភាពចលាចលក្នុងសង្គមផងដែរ ។
បុរសម្នាក់នេះ ត្រូវបាន ក្រុមមន្ត្រីជំនាញ កោះហៅឲ្យចូលខ្លួនមកធ្វើការបំភ្លឺ លើករណីនេះ បុរសម្នាក់នេះបានសារភាពកំហុស ធ្វើកិច្ចសន្យា និងថតជាវីដេអូសុំទោសជាសាធារណ: ចំពោះទង្វើដែលខ្លួនបានធ្វើដោយយកព័ត៌មានចាស់ ករណីអគ្គិភ័យតាំងពីថ្ងៃទី១៣ មិថុនា ២០១៩ មកផ្សាយដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ។
សូមចូលរួមសហការណ៍ផ្សព្វផ្សាយតែព័ត៌មានពិត និងជួយទប់ស្កាត់ឲ្យបានរាល់ព័ត៌មានមិនពិត រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យមានភាពវឹកវរ បំពុលបរិយាកាសសង្គម បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កភាពវឹកវរ ចលាចលក្នុងសង្គម ។ល។ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមានផងដែរ ៕