ទីក្រុងវ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រមផ្តល់ពេលឱ្យក្រុមហ៊ុន ByteDance របស់ប្រទេសចិន ដែលជាក្រុមហ៊ុនមេរបស់ Tik Tok រយៈពេល ៤៥ ថ្ងៃដើម្បីចរចាការលក់កម្មវិធីវីដេអូខ្លីដែលមានប្រជាប្រិយភាពនេះទៅឲ្យក្រុមហ៊ុន Microsoft Corp ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចេញផ្សាយនៅព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នេះ ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ក្រុមហ៊ុន Tik Tok ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ByteDance របស់ចិនអាចបង្កហានិភ័យជាតិដោយសារតែការលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ។ លោក Trump បាននិយាយកាលពីថ្ងៃសុក្រថា គាត់មានគម្រោងហាមឃាត់កម្មវីធី Tik Tok នៅសហរដ្ឋអាមេរិកបន្ទាប់ពីច្រានចោលគំនិតនៃការលក់ទៅកម្មវិធីនេះឱ្យទៅក្រុមហ៊ុន Microsoft ។
ប៉ុន្តែបន្ទាប់ពីការពិភាក្សារវាងលោក Trump និងនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបន្តការចរចាដើម្បីទទួលបាន Tik Tok ពី ByteDance ហើយថាវាមានគោលបំណងដើម្បីឈានដល់កិច្ចព្រមព្រៀងមួយនៅថ្ងៃទី ១៥ ខែកញ្ញា ខាងមុខ ។
ប្រភពមួយបាននិយាយថា លោក Trump បានផ្លាស់ប្តូរចិត្តបន្ទាប់ពីមានសម្ពាធពីទីប្រឹក្សាខ្លះ និងមនុស្សជាច្រើននៅក្នុងគណបក្សសាធារណរដ្ឋរបស់លោក ។ ការហាមឃាត់ Tik Tok នឹងធ្វើឱ្យអ្នកប្រើវ័យក្មេងរបស់ខ្លួនផ្តាច់ខ្លួនមុនការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ហើយទំនងជានឹងបង្កឱ្យមានបញ្ហាប្រឈមផ្នែកច្បាប់ ។
សមាជិកសភាគណបក្សសាធារណរដ្ឋដ៏លេចធ្លោមួយចំនួនបានចេញសេចក្តីថ្លែងការណ៍ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះដែលជំរុញឱ្យលោក Trump គាំទ្រការលក់ Tik Tok របស់ក្រុមហ៊ុនចិន ByteDance ឱ្យទៅក្រុមហ៊ុន Microsoft ជាអ្នកគ្រប់គ្រងវិញ ៕
ប្រភព ៖ Reuters , ដោយ ៖ សំណាង