រាជធានី​ភ្នំពេញ ៖ លោក សុវណ្ណ រិ​ទ្ធី ហៅ​លោកតា វិច​ទ័​រ ដែល​ត្រូវជា​ឪពុក​របស់​កញ្ញា វ៉ា​ន់ នី​ឡា បាន​ចេញ​មុខ​បញ្ជាក់​អំពី​ស្ថានភាព​ដែល​នាំ​ឲ្យ​កូនស្រី និង​អនាគត​កូនប្រសារ​នៅ​មិន​ទាន់​អាច​ចូល​រោងការ​បាន​ព្រោះតែ​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​មិន​ទាន់​ធូ​ស្បើយ ។

ចំពោះ វ៉ា​ន់ នី​ឡា ដែល​ជា​សាមីខ្លួន​ផ្ទាល់​បាន​និយាយ​ថា ៖«​រៀបចំ​មង្គលការ​ខ្នាត​តូច​មនុស្ស​ពីរ​គ្រួសារ ចុះ​អេ​តា​ស៊ី​វិល សល់​លុយ​រកស៊ី​អ្នក​ណា​សើចយំ​កុំ​ខ្វល់​សំខាន់​យើង​មាន​សុភមង្គល​សល់​លុយ​» ។ ការ​ពោល​បែប​នេះ​ក៏​ក្រោយ​ពេល​ដែល​មង្គលការ​របស់​នាង​និង​គូស្នេហ៍​ដែល​ជា​កូន​មន្ត្រីរាជការ​មានមុខមាត់​ម្នាក់​នោះ​ត្រូវ​បាន​ពន្យា​ពេល​អស់​ជា​ច្រើន​ខែ ព្រោះតែ​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

លោក សុវណ្ណ រិ​ទ្ធី ហៅ​លោកតា វិច​ទ័​រ ជា​ឪពុក​បាន​ចេញ​មុខ​បញ្ជាក់​អំពី​ពេលវេលា​ដែល​កូនស្រី​របស់​លោក​អាច​រៀប​ការ​បាន​ថា ៖«​កូនស្រី​របស់​លោក​អាច​រៀប​ការ​បាន លុះត្រាតែ​ស្ថានភាព​អំណោយផល​លែង​ភ័យ​ពី​កូ​វី​ដ​-១៩ ពិសេស​រដ្ឋាភិបាល​បើក​ឲ្យ​រៀបចំ​ពិធី​មង្គលការ​ឡើង​វិញ​ជា​ចំហ​ដូច​មុន​បាន​ហើយ​នោះ​នឹង​រៀបចំ​តែ​ម្ដង​» ។

លោក​បន្ត​ថា ៖«​មិន​អាច​និយាយ​មុន​ថា នឹង​រៀប​ការ​នៅ​ខែ​១០ ឬ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​ក្រោយ​បាន​ទេ ព្រោះ​ត្រូវ​មើលទៅ​លើ​ស្ថានភាព​ជាក់ស្ដែង​សិន ព្រោះ​បើ​ការ​ទៅ​ភ្ញៀវ​នៅ​តែ​បារម្ភ​កូ​វី​ដ​-១៩​នោះ​ក្នុង​នាម​លោក​ជា​ឪពុក​ម្ដាយ​ក៏​មិន​សប្បាយ​អស់ពី​ចិត្ត​ដែរ​ព្រោះថា ធ្លាប់​លើក​ពេល​រៀប​ការ​នេះ​ម្ដង​ហើយ​កាលពី​ខែ​៥» ។

លោក​បាន​បន្ថែម​ថា ៖«​ពេល​នេះ​កូនប្រុស​ស្រី​ទាំង​២​ស្រលាញ់​គ្នា ហើយ​ចុះសម្រុង​គ្នា​ល្អ​គ្មាន​បញ្ហា​អី​ទេ​ប៉ុន្តែ​ស្ថានការណ៍​កូ​វី​ដ​-១៩ លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ គឺ​ពួក​គេ​ទាំង​ពីរ​នឹង​រៀប​ការ​តែ​ម្ដង ព្រោះ​ពេល​នេះ​ច្បាស់លាស់​ជាមួយ​គ្នា​និង​មានការ​ដឹង​លឺ​ពី​ក្រុម​គ្រួសារ​ទាំង​សងខាង​រួច​ហើយ​ដែរ​» ៕