ភ្នំពេញ៖ ភរិយាលោកព្រាប សុវត្ថិ អ្នកស្រីឡុង ស្រីមុំ ដែលជានិច្ចកាលតែងតែបង្ហាញរូបភាពផ្អែមល្ហែមជាមួយស្វាមីជាតារាចម្រៀងល្បីល្បាញនោះ ថ្មីៗនេះអ្នកនាងបានបង្ហើបតាមរយៈវីដេអូ Live លក់សម្លៀកបំពាក់អំពីហេតុអ្វីបានជាប្ដីប្រពន្ធរបស់អ្នកស្រីត្បិតតែរៀបការរួមរស់ជាមួយគ្នារហូតដល់មានកំលោះដល់ទៅ៣នាក់ហើយយ៉ាងណាក្ដី ក៏នៅតែមានភាពល្អូក​ល្អិនយ៉ាងដូច្នេះ ?

ជឿថាមានទស្សនិកជនជាច្រើនច្បាស់ជាបានឃើញ និងដឹងហើយថាលោកព្រាប សុវត្ថិ តែងតែបង្ហាញពីសកម្មភាពផ្អែមល្ហែមជាមួយភរិយារបស់លោកនៅលើបណ្ដាញសង្គម ដែលសបញ្ជាក់ឲ្យឃើញថា កំពូលតារាចម្រៀងរូបនេះពិតជាស្រឡាញ់ប្រពន្ធខ្លាំង មិនចាញ់គូស្នេហាយុវវ័យឡើយ ។

ទាក់ទងជាមួយគ្នានេះ អ្នកស្រីឡុង ស្រីមុំ បានបង្ហើបថា គ្មានអ្វីពិបាកឡើយសម្រាប់ធ្វើឲ្យប្ដីរបស់អ្នកស្រីបាក់ចិត្តស្រឡាញ់ខ្លាំងតាំងពីក្មេងរហូតដល់វ័យកណ្ដាលនេះ ដោយគ្រាន់ប្រើសម្ដីទន់ភ្លន់ ផ្អែមល្ហែម ចិត្តធ្ងន់ ដឹងទុក្ខធុរៈប្ដី ហើយអ្វីដែលជាទម្លាប់របស់អ្នកស្រីនោះ គឺតែងតែរៀបចំទុកដាក់ទៅលើការស្លៀកពាក់របស់ប្ដីអស់រយៈពេលជាង ២០ឆ្នាំមកហើយ ពោលគឺតាំងពីរៀបការរួចម្ល៉េះ ។

សូមបញ្ជាក់ថា អ្នកស្រីឡុង ស្រីមុំ ដែលមានស្វាមីជាតារាចម្រៀងល្បីល្បាញ ព្រាប សុវត្ថិ ហើយអាចរក្សាចំណងស្នេហាបានជាង ២០ឆ្នាំ ពុំដែលមានបញ្ហាទំនាស់ក្នុងគ្រួសារធំដុំឡើយ។ចំណងស្នេហ៍ជាង២ទសវត្សន៍នេះ លោកព្រាប សុវត្ថិ និងអ្នកស្រីឡុង ស្រីមុំ ទទួលបានចំណងដៃកូនប្រុសដល់ទៅ៣នាក់ពេញកំលោះស្រាងៗព្រមគ្នាតែម្តង គឺសុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ដែលពេលនេះពួកគេបានក្លាយ ទៅជាតារាចម្រៀងហង្សមាស រួមទ្រនំជាមួយឪពុករបស់គេដែរ ៕