ភ្នំពេញ៖ មេការហាងគុយទាវអង្គរជុំ សាខាបឹងសាឡាង ដែលសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបានកាលពីថ្ងៃទី១១ ខែកក្កដា ពាក់ព័ន្ធករណីប្រើហឹង្សាលើនារីរងគ្រោះម្នាក់ បណ្តាលឱ្យរងរបួសនោះ ត្រូវបញ្ជូនតុលាការដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់ហើយ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។

ជនសង្ស័យឈ្មោះ កៅ ណូរ៉ា ជាមេការហាងគុយទាវអង្គរជុំ សាខាបឹងសាឡាង។
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ នារីរងគ្រោះបានបង្ហោះវីដេអូ ឱ្យជួយរកយុត្តិធម៌តាមបណ្តាញ Tik Tok ដោយនាងបានរៀបរាប់ថា ខ្លួនត្រូវបានថៅកែហាងគុយទាវអង្គរជុំវាយនិងគម្រាមសម្លាប់ ។ បន្ទាប់មកជនរងគ្រោះ ថែមទាំងបានទៅជួបអ្នកសារព័ត៌មានធ្វើការផ្សាយផ្ទាល់អំពីដំណើររឿងដែលនាំឲ្យមានហឹង្សានោះផងដែរ។

ជនរងគ្រោះបានរៀបរាប់ថា រូបនាងត្រូវបានមិត្តភក្ដិណែនាំឲ្យទៅអង្គុយញ៉ាំបាយកំដរភ្ញៀវ ដើម្បីទទួលបានប្រាក់ធីប២០ដុល្លារ នៅហាងគុយទាវអង្គរជុំម្ដុំបឹងសាឡាង។ បន្ទាប់ពីញ៉ាំបាយរួច ភ្ញៀវ២នាក់បានបើកឡានជូននាងត្រឡប់ទៅផ្ទះវិញ តែនៅតាមផ្លូវ លើរថយន្តភ្ញៀវម្នាក់បានបបួលនាងទៅរួមភេទ ដោយសន្យាថាឲ្យប្រាក់១០០ដុល្លារ តែនាងបានបដិសេធមិនទៅជាមួយ ក៏បណ្តាលឲ្យមានការប្រកែកគ្នារហូតឈានដល់ការប្រតាយប្រតប់គ្នា បន្ទាប់មកនាងបានបើកកញ្ចក់រថយន្តស្រែកឲ្យគេជួយ ទើបជនបង្កបានឈប់រថយន្ត និងគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ ធ្វើឲ្យនាងមិនអស់ចិត្ត ក៏បានបង្ហោះវីដេអូតាមបណ្តាញ Tik Tok ជាបន្តបន្ទាប់ និងបន្តស្វែងរកការជួយអន្តរាគមន៍ពីសមត្ថកិច្ចក្បែរកន្លែងកើតហេតុក៏ដូចជាអ្នកសារព័ត៌មានមួយចំនួនផងដែរ។ ដោយការស្វែងការអន្តរាគមន៍ជាច្រើនកន្លែង ពុំអាចទទួលបានដំណោះស្រាយ ទើបនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នាងបានសម្រេចចិត្តដាក់ពាក្យប្ដឹងទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្រោយពេលទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តតាមនីតិវិធីរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កៅ ណូរ៉ា ដែលជាមេការហាងគុយទាវអង្គរជុំ សាខាបឹងសាឡាង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ និងបានបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់៕

ដោយ៖ សុភាព១