រាជធានីភ្នំពេញ ៖ អ្នកនាង ម៉េង កែវពេជ្ជតា ដែលជាតារាចម្រៀងសំនៀងផ្អែមដ៏មានប្រជាប្រិយមួយរូប បច្ចុប្បន្នកំពុងរងការចោទប្រកាន់ដោយបណ្តឹងលោកជំទាវ៣រូបដែលពាក់ព័ន្ធទៅនឹងបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងពីបទ«ញុះញង់អោយមានការរើសអើង» ។
យោងតាមប្រភពពីហ្វេសប៊ុកផេកផ្លូវការរបស់អ្នកនាង ម៉េង កែវពេជ្ជតា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ កន្លងមកនេះអ្នកនាងបានសរសេរសារដែលមានខ្លឹមសារទាំងស្រុងថា ៖ «ពីដំបូងឡើយខ្ញុំឡាយនិយាយតែរឿងរបស់ខ្ញុំទេ ស្រាប់តែប្រពន្ធក្រោយ មួង ឃីម ចូលមករករឿងខ្ញុំដោយនិយាយពាក្យចោទប្រកាន់ និងដេញអោយខ្ញុំស្បថ ដូចជាថាក្រោយការលែងលះ មួង ឃីម បានអោយលុយមកខ្ញុំ ៣០ម៉ឺនដល្លារ តែត្រូវខ្ញុំយកចាយអស់ជាមួយប្រុសក្មេង ហើយនាងនោះបានចោទសួរបន្ថែមក្នុងខមិនថា លុយ១០ម៉ឺនដុល្លារនោះអស់ឬនៅ ? ដែលសំនួរនេះធ្វើអោយមានការចលាចល និងកើតក្តីភ័ណ្ឌច្រលំមួយសារទៀតពីមហាជន ជាហេតុចាំបាច់ដែលខ្ញុំត្រូវតែបកស្រាយភ្លាមៗក្នងពេលនោះ ។
បញ្ជាក់ : បើខ្ញុំបានលុយ៣០ម៉ឺនពីការលែងលះមែនចាំបាច់អីខ្ញុំត្រូវក្រនៅផ្ទះជួលយ៉ាងលំបាករហេមរហាមអស់ពីរបីឆ្នាំ ? ក្រៅពីការកេងប្រវ័ញ្ចទ្រព្យ ទឹកចិត្តហើយ ខ្ញុំនៅត្រួវពួកគេលាបពណ៌អស់១០ឆ្នាំតាមរយៈសម្លេងឈ្លោះគ្នាដែលគេរៀបចំអោយតែឮសម្លេងខ្ញុំជាងគេ និងចោទថាខ្ញុំជេប្តី ជេម្តាយក្មេក ចោទខ្ញុំថាត្រូវប្តីលែងដោយសារខ្ញុំមានប្រុស ។ ល។ ដែលផ្ទុយទៅវិញខ្ញុំជាអ្នកលែងគេមុនក៏ព្រោះតែប្តីមានស្រីខាងក្រៅផង យកស្រីបម្រើក្នុងផ្ទះផង លេងល្បែងជំពាក់គេផង និងប្រើអំពើហិង្សាមកលើខ្ញុំដែលធ្វើអោយខ្ញុំមិនអាចទ្រាំបានទើបលែងគាត់ ។
ស្រាប់តែនាងប្រធានសមាគមសិល្បៈ ចន ចាន់លក្ខិណា មិនដឹងកើតទុក្ខមិនសុខចិត្តរឿងអីក៏ចេញមករើសដាក់ខ្លួនបង្ហោះសារត្អូញត្អែរហើយនាំអោយបក្សពួកជេរបញ្ចោរខ្ញុំព្រោងព្រាត បន្ទាប់មកនាងនេះក៏បានទៅលូនក្រាបលោកជំទាវ ពុំ អោយមកសំពងខ្ញុំ និងដោយទាំងមីង ហង្ស បូរី ព្រមទាំងបក្សពួកគាត់ផងដែរចូលមកជួយជេរជួយថែមល្បោយយ៉ាងឆ្ងាញ់មាត់ ។
បន្ទាប់មកមនុស្សម្នាក់រហស្សនាម រាជបុត្រអាសូរ្យកាយ ដែលគ្រប់គ្នាស្គាល់ថា ពូកែជេរបញ្ចោររដ្ឋាភិបាលកម្ពុជា ជេរថ្នាក់ដឹកនាំ និងធ្លាប់បានកាត់តសម្តីខ្ញុំកាលយុទ្ធនាការបោះឆ្នោត ២០១៨ ធ្វើអោយគេជេរខ្ញុំទាំងយល់ច្រលំនោះ គឺត្រូវមីង បូរី និងនាងប្រធានសមាគមសិល្បៈត្រូវរ៉ូវគ្នាល្អូកល្អឺនហើយអោយបុគ្គលជំនាញជេរនេះមកប្រឌិតរឿងអង្គុយឡាយជេរបញ្ចោរខ្ញុំយ៉ាងសាហាវអស់ជាច្រើនថ្ងៃតាមចិត្តវានឹកឃើញ ។ ស្រាប់តែចុងក្រោយនេះ ពួកគេនាំគ្នាដាក់ពាក្យប្តឹងខ្ញុំទៅវិញ ? ។
សូមបងប្អូនជួយពិចារណាទៅមើលថា តើចំនុចណាដែលខ្ញុំត្រូវគេប្តឹង ? តើនេះជាការបិទសិទ្ធមិនអោយខ្ញុំនិយាយការពិតដែល មួង ឃីម ធ្វើបាបផ្លូវកាយ ផ្លូវចិត្ត និងបានកេងប្រវ័ញ្ចទ្រព្យសម្បត្តិខ្ញុំ ? ចំណែកអ្នកផ្សេងដែលមិនពាក់ព័ន្ធដូចជា អ្នកមីង ពុំ យាយបូរី និងនាងប្រធានសមាគមសិល្បៈ ដែលពួកគេព្រួតគ្នាប្តឹងខ្ញុំច្រើនយ៉ាងនេះគឺជាការគំរាម និងចង់កាច់បំបាក់ខ្ញុំ ត្រកូលសិល្បៈខ្ញុំមែនទេ ?
នេះជាការចង់ប្រាប់ថា បើខ្ញុំនៅតែនិយាយទៀត គេនឹងប្តឹងផ្តល់អញ្ចឹង តើមែនទេ ? បើគ្រាន់តែខ្ញុំនិយាយដើម្បីយកភាពស្អាតស្អំអោយខ្លួនឯង និងកូនៗខ្ញុំសោះ ក៏ត្រូវគេប្តឹងដែរ ? ចុះដែលពួកគេជេរខ្ញុំដាច់សាច់រាប់មិនអស់នោះ មិនខុសទេឬយ៉ាងម៉េច ? អយុត្តិធម៌ពេកហើយ ? ? ! ! ! ទាំងនេះជារូបថតអីវ៉ាន់ដែលខ្ញុំទទួលបាន ក្រោយលែងលះ គឺមានតែខោអាវ ទូរកញ្ចាស់ៗ និងត្រូវរលួយអស់មួយកំណាត់ទូរពេលផ្ទះលិចទឹក ហើយនឹងស្ថានភាពផ្ទះដែលខ្ញុំជួលនៅ »។
សូមបញ្ជាក់ផងដែរថា តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានលោកជំទាវ រស់ សោភ័ណ្ឌ ដែលជាភរិយាក្រោយរបស់លោក មួង ឃីម បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ប្តឹងអ្នកនាង ម៉េង កែវពេជ្ជតា ពីបទ ៖«បរិហារកេរ្តិ៍ជាសាធារណៈ» និងទាមទារសំណងជំងឺចិត្តត្រឹមតែ ១០០ រៀល តែស្នើឲ្យអ្នកនាង ម៉េង កែវពេជ្ជតា ធ្វើការ «សុំទោសជាសាធារណៈ» ។
ចំណែកលោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្តឹងចូលតុលាការកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ប្តឹងតារាចម្រៀងរូបនេះពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងពីបទ «ញុះញង់អោយមានការរើសអើង» និងបានសំណូមពរឲ្យតុលាការផ្តន្ទាទោសតារាចម្រៀង ម៉េង កែវពេជ្ជតា និងបក្ខពួកទៅតាមច្បាប់ និងសុំទាមទារសំណងជំងឺចិត្តតាមច្បាប់កំណត់ ។ រីឯលោកជំទាវ ហង្ស បូរី បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២០ ប្តឹងអ្នកនាងម៉េង កែវពេជ្ជតា ពីបទ៖«បរិហារកេរ្តិ៍ជាសាធារណៈ» ៕