ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថៃ្ងទី១៩ ខែមិថុនា ឆ្នាំ២០២០ នេះនៅសាលប្រជុំ VIP សាលាដំបូងខេត្តកំពង់ស្ពឺបានបើកកិច្ចប្រជុំស្តីពី ការពិនិត្យវត្ថុតាងគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាប់បាននាពេលកន្លងមកនេះ ។
កិច្ចប្រជុំនេះក្រោមអធិបតីភាពលោក សរ សុពុត្រា អភិបាលរងខេត្ដកំពង់ស្ពឺ ជាប្រធានលេខាធិការដ្ឋាន អនុគណៈកម្មាធិការបង្ក្រាបបទល្មើសគ្រឿងញៀនខេត្ត លោក ហង់ ស៊ីថា ប្រធាន សាលាដំបូងខេត្តកំពង់ស្ពឺ លោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អស់លោក លោកស្រីជាមន្ដ្រី នៃសាលាដំបូងខេត្តកំពង់ស្ពឺ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។
បងប្អូនប្រជាពលរដ្ឋមួយចំនួនតែងតែមានការងឿងឆ្ងល់ និងសួរថា សមត្ថកិច្ចក្រោយប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន រួចវត្ថុតាងបញ្ជូនទៅណា? យកទៅណា? តើពេលណាគេធ្វើពិធីកម្ទេចចោល ?
ជាក់ស្ដែង នាព្រឹកថៃ្ងសុក្រនេះ សាលាដំបូងខេត្តកំពង់ស្ពឺបានដំណើរការកិច្ចប្រជុំដើម្បរៀបចំបើកកញ្ចប់វត្ថុតាងទាំងនោះ ដើម្បីបញ្ជូនទៅគណកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរៀបចំពិធីដុតកម្ទេចចោលនៅពេលសម ស្របណាមួយ ។ ជាទូទៅក្នុងរយៈពេលកន្លងមកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចូលរួមជាគណៈអធិបតីក្នុងពិធីដុតកម្ទេចគ្រឿងញៀន នៅសាលមហោស្រព មជ្ឍមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ដផ្សេងៗទៀត ។
ថ្នាំញៀនមួយចំនួនត្រូវបានក្រមជនសង្ស័យធ្វើការចែកចាយ ជួញដូរជាលក្ខណៈតូចតាចនៅស្ទើគ្រប់ច្រកល្ហកនៃតំបន់មួយក្នុងភូមិសាស្ដ្រខេត្ដ និងបានធើ្វជាលក្ខណៈលួចលាក់ និងមានការអូសទាញអោយជនរងគ្រោះសាកល្បងប្រើប្រាស់ និងឈានទៅដល់ការញៀនរហូតក្លាយជាជនល្មើសជាអ្នកចម្លងភារកិច្ចបន្ដពីរខ្លួន ៕