ប្រជាជន​មួយ​ចំនួន​ដែល​តែងតែ​ជឿ​លើ​ជំនឿ​តែងតែ​ធ្វើការ​អុជ​ធូប ជា​ពិសេស​អ្នក​ដែល​កាន់​ជើងធូប​តែងតែ​អុជ​រាល់ថ្ងៃ និង​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​ចំ​ថ្ងៃសីល៍​ដែល​គ្រប់​គ្នា​អុជ​ធូប​បន់ស្រន់​សុំ​សេចក្តីសុខ​នានា ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា ចំនួន​សរសៃ​ធូប​ដែល​អ្នក​អុជ​ចាប់ពី​១​សរ​សែ​ឡើង​ទៅ​មាន​អត្ថន័យ​បែប​ណា? ខាងក្រោម​នេះ​ជា​អត្ថន័យ​សម្រាប់​ចំនួន​សរសៃ​ធូប ៖

1.​ ​ការ​អុជ​ធូប ១ សរសៃ តំណាង​ឲ្យ​ការ​រំលឹក​គុណគ្រូ និង​តួខ្លួន​។
2.​ ​ការ​អុជ​ធូប ២ សរសៃ តំណាង​ឲ្យ​ការរំលឹកគុណមាតា​បិតា​។
3.​ ​ការ​អុជ​ធូប ៣ សរសៃ គឺ​បូជា​ព្រះ​រតនត្រ័យ​ដែល​មាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬ​មាតាបិតា និង​គុណគ្រូ​។
4.​ ​ការ​អុជ​ធូប ៤ សរសៃ តំណាង​ឲ្យ​ធាតុ​ទាំង​៤ (​ទឹក ដី ភ្លើង ខ្យល់​)​។
5.​ ​ការ​អុជ​ធូប ៥ សរសៃ គឺ​បូជា​ព្រះ​ទាំង ៥​អង្គ គឺ​ព្រះ​កុ​ក្កុ​សន្ធោ (​មាន់​) ព្រះ​កោ​នាគ​មនោ (​នាគ​) ព្រះ​កស្ស​បោ (​អណ្ដើក​) ព្រះ​សមណគោត្តម (​គោ​) និង​ព្រះ​សិ​អារ្យ​មេត្រី (​ខ្លា​)​។
6.​ ​ការ​អុជ​ធូប ៧ សរសៃ គឺ​បូជា​ញាតិ​ទាំង​ប្រាំពីរ​សន្តាន មាន​៖ ថ្នាក់លើ​ខ្លួន​បី​ជាន់​គឺ ឪពុក​ម្ដាយ ជីដូន​ជីតា យាយទួត​តា​ទួត និង​ថ្នាក់​ក្រោម​យើង​បី​ជាន់​គឺ កូន ចៅ ចៅទួត និង​បូក​រួម​ទាំង​ខ្លួន​យើង​ទាំងអស់​គឺ​ប្រាំពីរ​សន្តាន​។

7.​ ​ការ​អុជ​ធូប ៩ សរសៃ គឺ​បូជា​ទេវតា ដែល​ថែរក្សា​ទិស​ទាំង​ប្រាំបួន គឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និង​ទិស​ខាងលើ​។
8.​ ​ការ​អុជ​ធូប ១១ សរសៃ តំណាង​ឲ្យ​មេត្តាធម៌​ទាំង ១១​។
9.​ ​ការ​អុជ​ធូប ១២ សរសៃ គឺ​បូជា​គុណ​ម្ដាយ ១២ ឬ​គុណ​ធាតុ​។
10.​ ការ​អុជ​ធូប ១៩ សរសៃ គឺ​សម្រាប់​ពិធី​ហៅ​ព្រលឹង (​មនុស្ស​មានព្រលឹង ១៩ រួម​ទាំង​ព្រលឹង​ធំ និង​ព្រលឹង​តូច​)​។
11.​ ​ការ​អុជ​ធូប ២១ សរសៃ គឺ​បូជា​គុណ​ឪពុក​។
12.​ ការ​អុជ​ធូប ៣៣ សរសៃ គឺ​បូជា​គុណ​ឪពុក​ម្ដាយ​។