រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី០៤ មិថុនា ២០២០នេះ យោងតាមប្រភពច្បាស់ការបានបញ្ជាក់ថា កម្លាំងនគរបាលរាជធានីភ្នំពេញ ប្រកាសតាមវិទ្យុទាក់ទង សហការជាមួយសមត្ថកិច្ចទាំង១៤ខណ្ឌ ប្រសិនបើប្រទះឃើញរថយន្តស៊េរីទំនើបម៉ាក rolls-royce ពាក់ស្លាកលេខ «នគរបាល» ត្រូវតែឃាត់ទាំងមនុស្ស និង រថយន្ដ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមជម្រាបដែរថា នៅព្រឹកមិញនេះ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាទៅកងកម្លាំងនគរបាល ឲ្យឆែកមើល លើករណីរថយន្តស៊េរីទំនើប១គ្រឿង ម៉ាក rolls-royce ពាក់ស្លាកលេខ «នគរបាល» ។
ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា លោកនឹងឲ្យគេឆែកភ្លាម! ថាតើស្លាកលេខរថយន្តរបស់អ្នកណា? និងស្លាកលេខនគរបាលពិត ឬក៏ក្លែងក្លាយ ? ព្រោះថា នៅអង្គភាពប៉ូលិសទូទាំងប្រទេស គ្មានទេរថយន្តទំនើបម៉ាក Rolls-Royce ។ ជាធម្មតាស្លាកលេខ «នគរបាល» អត់ចេញឲ្យទៅរថយន្តឯកជនប្រើប្រាស់ទេ គឺឲ្យតែអង្គភាពប៉ូលិស តែប៉ុណ្ណោះ ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី០៤ មិថុនា នេះថា ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើឡាន Rolls-Royce និង Mercedes គឺជាផ្លាកលេខក្លែងក្លាយ ។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏ បានបញ្ជាក់ដែរថា ពេលនេះ កម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវលើករណីនេះហើយ ដើម្បីនាំចាត់ការតាមផ្លូវច្បាប់ ។ បើសិនជាប្រជាពលរដ្ឋរកឃើញ សូមរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតខ្លួន។
ការបញ្ជាឲ្យស្រាវជ្រាវ ផ្លាកលេខ «នគរបាល 2-7715»នេះ បន្ទាប់ពីនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២ មិថុនា មានការបង្ហោះរូបភាពរថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក rolls-royce ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍នោះ គឺរថយន្តនេះពាក់ស្លាកលេខ នគរបាល សូម្បីតែរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏លោកមានប្រតិកម្មផងដែរ ៕