ជំងឺរាតត្បាត Covid-19 ធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសមួយដែលរងគ្រោះខ្លាំងបំផុតជាងគេនៅលើពិភពលោកធ្វើឱ្យប្រជាជនអាមេរិកឆ្លងជំងឺនេះដល់ទៅ 1,570,583 នាក់ នេះបើតាមប្រភពពីគេហទំព័រស្រង់ទិន្នន័យ worldometers ។
សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពី អាមេរិក-ចិន ស្ងប់ស្ងាត់មិនទាន់បានប៉ុន្មានផង ពេលនេះមហាយក្សទាំងពីរស្រាប់តែប្រឈមមុខដាក់គ្នាសារជាថ្មីព្រោះតែជំងឺរាតត្បាត Covid-19 ដែលអាមេរិកខឹងសម្បាចិនជាខ្លាំងរហូតចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងជាអ្នកទម្លាយវីរុសនេះចេញមកពីមន្ទីរពិសោធន៍វូហាន ។
បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Asia Times កាលពីពេលថ្មីៗកន្លងមកនេះបានឱ្យដឹងថា អាមេរិកបានបញ្ជូននាវាចម្បាំងដែលបំពាក់ដោយមីស៊ីលជាច្រើនគ្រឿង និងកងកម្លាំងរាប់ពាន់នាក់ទៅកាន់សមុទ្រចិនខាងត្បូងដើម្បីធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដែលសមុទ្រចិនខាងត្បូងនេះ ជាតំបន់កំពុងតែក្តៅគគុករវាងចិន និងប្រទេសអាស៊ីមួយចំនួនទៀតដូចជា ម៉ាឡេស៊ី តៃវ៉ាន់ ព្រុយណេ និងវៀតណាម ។
សមុទ្រចិនខាងត្បូងនេះត្រូវបានប៉េកាំងអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួនដែលគ្មាននរណាអាចប៉ះពាល់បាន ស្រាប់តែអាមេរិកបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំដោយបាញ់គ្រាប់ពិតចេញពីនាវាចម្បាំងក្បែរសមុទ្រចិនខាងត្បូងបញ្ឆេះភ្លើងចម្បាំងកាន់តែខ្លាំងឡើយនៅទីនោះ ។
ពាក់ព័ន្ធនឹងសមយុទ្ធយោធានេះដែរ អាមេរិកបានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់ទីប្រជុំកោះដែលចិនកាន់កាប់ក្នុងសមុទ្ធចិនខាងត្បូងដោយលើកហេតុផលថា ការពារសេរីភាពដែនសមុទ្រ ដែលទង្វើរនេះអាមេរិកចង់បង្ហាញឱ្យដឹងថា សមុទ្រចិនខាងត្បូងជារបស់សមូហភាពមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ចិននោះទេ ។
ក្រុមអ្នកវិភាគយល់ឃើញថា សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់មហាយក្សអាមេរិកនេះគឺជាការបញ្ជេញកំហឹងទៅលើបញ្ហា Covid-19 និងចង់បង្ហាញសាច់ដុំដើម្បីកំញើញចិនដែលជាបងធំនៅក្នុងជម្លោះដែនសមុទ្រចិនខាងត្បូងនោះតែម្តង ៕