តេអ៊ីរ៉ង់ ៖ នាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿង ត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីលមួយផ្សេងទៀត ដោយចៃដន្យ ក្នុងអំឡុងពេលធ្វើសមយុទ្ធមួយ ដោយបានផ្ដាច់ជីវិតនាវិកចំនួន ១៩នាក់ និង ១៥នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ ។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យ ទី១០ ឧសភា ក្នុងអំឡុងពេលហ្វឹកហាត់នៅក្នុងដែនទឹករបស់ប្រទេស នៅជិតកំពង់ផែ Jask នៃឈូងសមុទ្រអូម៉ង់ ភាគខាងត្បូងរបស់អ៊ីរ៉ង់ ដែលជាទីតាំងធ្វើសមយុទ្ធប្រចាំរបស់អ៊ីរ៉ង់ ។
គ្រាប់មីស៊ីលបានបាញ់ចេញពីនាវាមួយ ក្នុងចំណោមនាវាហ្វឹកហាត់ ដោយសារតែនៅកៀកនឹងគ្នាជ្រុល ទើបបណ្ដាលឱ្យធ្លាក់គ្រាប់ត្រូវ ។ បើតាមបណ្ដាញសារព័ត៌មានក្នុងស្រុកនាវា Konarak ដែលត្រូវគ្រាប់នោះ ក៏មានផ្ទុកមីស៊ីលចំនួន៤គ្រាប់ ។
បច្ចុប្បន្ន អាជ្ញាធរកំពុងបើកការស៊ើបអង្កេតលើករណីនេះ នាវាដែលត្រូវគ្រាប់មីស៊ីល ត្រូវបានគេអូសសណ្តោងយកទៅពិនិត្យលើគោក ហើយកងទ័ពអ៊ីរ៉ង់បានអំពាវនាវ សុំកុំឲ្យ ប្រឌិតពាក្យចចាមអារ៉ាមខុសការពិត ទាក់ទិននឹងហេតុការណ៍គ្រោះថ្នាក់ដោយអចេតនា(ច្រឡំ)នេះ ។
(ច្រឡំ)នេះ កន្លងមកតាមកាតកត់សម្គាល់ពីភាពធ្វេសប្រហែសរបស់កងទ័ពអ៊ីរ៉ង់ ដូចជាអំឡុងខែមករា កងទ័ពអ៊ីរ៉ង់ បានបាញ់ច្រឡំ ដោយកម្ទេចយន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអ៊ុយក្រែន បណ្តាលឲ្យស្លាប់មនុស្ស ចំនួន១៧៦នាក់ ផងដែរ ៕