តាមប្រភពសារព័ត៌មាន Soccer Laduma បានចេញផ្សាយថា គ្រូធំរបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានបដិសេធនឹងការលេចឮថា Liverpool ចិញ្ចឹមចិត្តចង់បានកីឡាករឡើងជើង២រូបគឺ Kylian Mbappe របស់ក្លឹបអ្នកមានបារាំង PSG និងកីឡាករ Jadon Sancho របស់ក្លឹប Borussia Dortmund ដើម្បីពង្រឹងតំបន់ប្រយុទ្ធបន្ថែម ។
ថ្លែងប្រាប់កិច្ចសម្ភាសរបស់ beIN Sports អ្នកចាត់ការក្លឹបហង្សក្រហមរូបនេះបានឆ្លើយដោយមិនលាក់លៀមថា ហង្សក្រហមបច្ចុប្បន្នមិនទាន់ត្រូវការ Kylian Mbappe និង Jadon Sancho នោះទេព្រោះតែក្លឹបមានខ្សែប្រយុទ្ធជើងស៊ុតកម្រិតកំពូលរួចទៅហើយ ។
លោកបានប្រាប់ឱ្យដឹងថា ៖ «ប្រសិនថ្ងៃអនាគតយើងអាចយកនាំយកម្នាក់ក្នុងចំណោមពួកគេទាំងពីរនោះ( Kylian Mbappe និង Jadon Sancho) គ្រប់គ្នាប្រាកដជាបានឃើញ ប៉ុន្តែបច្ចុប្បន្នអ្វីដែលយើងត្រូវផ្តោតគឺធ្វើឱ្យក្រុមមានការរីកចម្រើនថែមទៀតជាមុនសិន» ។
លោក Klopp បានបន្ថែមថា ៖«Liverpool មានខ្សែប្រយុទ្ធឆ្នើម Sadio Mane និង Mo Salah ដែលកត្តាអាយុរបស់ពួកគេអាចនៅជួយក្រុមបានប៉ុន្មានឆ្នាំទៀត ដូច្នេះខ្ញុំមិនចង់បានអ្នកណាផ្សេងទៀតនោះទេ ព្រោះតែយើងមានស្រាប់រួចទៅហើយ» ៕
ប្រភព៖ Soccer Laduma