ប៉េកាំង ៖ មន្ត្រីក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អង្គការសុខភាពពិភពលោក (WHO ) បាននិយាយថា ខ្លួនមិនមានភស្តុតាងណាមួយ ដើម្បីបញ្ជាក់ថា វីរុសកូវីដ-១៩ ដែលបានឆ្លងដល់មនុស្សជាង ២លាននាក់នៅទូទាំងពិភពលោក ត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍របស់ប្រទេសចិនទេ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Zhao Lijian បានឆ្លើយតប និងច្រានចោលទៅនឹងការចោទប្រកាន់បែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិកធ្លាប់ចោទប្រកាន់ប្រទេសចិនថា ជាប្រភពនៃការបង្កើតវីរុសនៅក្នុងមន្ទីរពិសោធន៍មួយនៅទីក្រុងអ៊ូហាន ភាគកណ្តាលប្រទេសចិនដែលជាទីតាំងរីករាលដាលដំបូងកាលពីចុងឆ្នាំ ២០១៩ ។ ការចោទប្រកាន់ទាំងឡាយនៅមិនមានភស្តុតាងវេជ្ជសាស្ត្រណាមួយមកបញ្ជាក់ឡើយ រហូតមកដល់ពេលនេះ WHO ក៏ចេញមកបកស្រាយថា ខ្លួនក៏គ្មានភស្តុតាង ដើម្បីចោទប្រកាន់ចិនដែរ ៕