ប្រទេសបារាំង៖ ក្នុងរយៈពេលតែ២៤ម៉ោង គឺថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ COVID-19 នៅប្រទេសបារាំង បានសម្លាប់មនុស្សចំនួន៨៣៣នាក់ទៀត ធ្វើឲ្យចំនួនអ្នកឆ្លងស្លាប់សរុបកើនឡើង៨៩១១នាក់ដែលនេះជាការបាត់បង់ជីវិតដ៏ច្រើនបំផុតតាំងតែពីពេលដែលជំងឺរាតត្បាតនេះ ចាប់ផ្តើមវាយលុកនៅប្រទេសបារាំង ។
នេះបើតាមការផ្សាយរបស់ទូរទស្សន៍បារាំង france 24 នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ។

គិតត្រឹមថ្ងៃទី៧ ខែមេសានេះ នៅទូទាំងប្រទេសបារាំង មានអ្នកឆ្លងសរុបចំនួន ៧៤៣៩០នាក់ ក្នុងនោះបាត់បង់ជីវិត ៨៩១១ នាក់ តែក៍មាន១៧ ២៥០នាក់បានជាសះស្បើយផងដែរ ។

ប្រទេសបារាំង មានចំនួនពលរដ្ឋឆ្លងកូវីដ-១៩ ស្ថិតនៅក្នុងលំដាប់ទី៦ លើពិភពលោក និងចំនួនអ្នកស្លាប់ ឈរលំដាប់ទី៤ លើពិភពលោក ។
នៅអឺរ៉ុប ទី១គឺប្រទេសអេស្ប៉ាញ មានអ្នកឆ្លងសរុបដល់ទៅជាង១៣៦ពាន់នាក់ អ្នកស្លាប់ជាង១៣ពាន់នាក់ និងជាសះស្បើយជាង៤ម៉ឺននាក់។

ទី២គឺប្រទេសអ៊ីតាលី មានអ្នកឆ្លង១៣២ពាន់នាក់ អ្នកស្លាប់ជាង១៦ពាន់នាក់ និងជាសះស្បើយ ជាង២២ពាន់នាក់។
តែប្រទេសអាល្លឺម៉ង់ មានអ្នកឆ្លងជាង១សែននាក់ ប៉ុន្តែចំនួនអ្នកស្លាប់មានតែជាង ១៨០០នាក់ប៉ុណ្ណោះ៕