រាជធានីភ្នំពេញ ៖ សង្វៀនជល់មាន់ដុះស្លែមួយកន្លែង ស្ថិតនៅចំណុចសេះស ក្រោមដើមកាស្យាជាប់នឹងរបងកាណាឌីយ៉ា ខាងលិចផ្លូវឌួងងៀប២ ខាងកើតឆៀងខាងត្បូងវត្តអង្គតាមិញ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ត្រូវក្រុមអ្នកញៀនល្បែងជល់មាន់ យកអាគកសំណព្វចិត្តរបស់ខ្លួនមកជល់គ្នាភ្នាល់ដាក់ប្រាក់ និងស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងអឺងកង។

សូមបញ្ជាក់ថា សង្វៀនបញ្ជល់មាន់ដុះស្លែនេះ បានបើកជាយូរណាស់មកហើយ លុះពេលកម្លាំងសមត្ថកិច្ចចុះផ្អើល ទើបនាំគ្នារំសាយបានតែប៉ុន្មានថ្ងៃ។ ជាក់ស្តែង កាលពីល្ងាចថ្ងៃទី០១មេសា មានកម្លាំងសមត្ថកិច្ចចុះបង្អើលរត់ខ្ចាត់ខ្ចាយ លុះដល់ថ្ងៃទី៤មេសា ក្រុមអ្នកញៀនល្បែងជល់មាន់ទាំងនោះ នាំគ្នាប្រមូលផ្តុំយកអាគកមកបញ្ជល់ភ្នាល់ដាក់ប្រាក់យ៉ាងសប្បាយរីកថ្លើមប្រមាត់ ទោះបីជាពេលនេះ ពលរដ្ឋគ្រប់គ្នាខ្លាចឆ្លងជំងឺកូវីដយ៉ាងណា ក៏ក្រុមអ្នកញៀនជល់មាន់ទាំងនោះមិនខ្លាចញញើតនឹងសេចក្តីស្លាប់ឡើយ ដោយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងអឺងកង។

ពលរដ្ឋលែងរង់ចាំមើលលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកម៉េង វិមានរតនា អធិការនគរបាលខណ្ឌមានជ័យ ចុះមកបង្រ្កាបហើយ ព្រោះទំនងជាចាញ់អំណាចម្ចាស់សង្វៀនជន់នេះ គឺសង្ឃឹមតែលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកលោកស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបអាចបង្រ្កាបសង្វៀនជល់ដុះស្លែកណ្តាលក្រុងភ្នំពេញ នេះបាន។ ពុំនោះទេ មានតែបន្តផ្ញើសារចូលផេកសម្តេចនាយរដ្ឋមន្ត្រីជួយអន្តរាគមន៍តែម្តង ៕