រាជធានីភ្នំពេញ៖ ស្ត្រីប្រមូលសំរាមក្រុមហ៊ុនស៊ុនទ្រីម្នាក់ ខណៈជិះម៉ូតូតែម្នាក់ឯងធ្វើការងារ ស្រាប់តែមានចោរថ្លើមខ្មៅមកធាក់ផ្តួលប្លន់យកម៉ូតូ បណ្តាលឲ្យស្រ្តីរងគ្រោះបោកជាមួយថ្នល់ពកថ្ងាសប៉ុនៗផ្លែក្រសាំង និងបែកមុខមាត់ រងរបួសយ៉ាងដំណំ។

ករណីចោរកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា ។
ស្រ្តីរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៩ លុះពេលធ្វើដំណើរដល់កន្លែងកើតហេតុ ស្រាប់តែចោរធាក់ម៉ូតូពីក្រោយបណ្តាលឲ្យដួល បោកជាមួយថ្នល់ពកថ្ងាសជាច្រើនកន្លែងប៉ុនៗផ្លែក្រសាំង ព្រមទាំងបែកមុខមាត់ទៀតផង ហើយចោរលើកម៉ូតូគាត់ជិះចេញទៅបាត់ បន្សល់ទុកម៉ូតូម៉ាកហុងដាឌ្រីម១គ្រឿង ស៊េរីឆ្នាំ២០១៦ នៅកន្លែងកើតហេតុ។

ស្រ្តីរងគ្រោះបញ្ជាក់ថា ម៉ូតូដែលចោរប្លន់យកទៅនោះ គាត់ទើបតែទិញបង់រំលស់សម្រាប់ឲ្យកូនជិះទៅរៀន តែដឹងអី បែរជាមកត្រូវចោរចិត្តអប្រិយប្លន់យកទៅបែបនេះសោះ។
ក្រោយកើតហេតុ គាត់បានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីឲ្យកន្លែងសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ និងយកម៉ូតូរបស់គាត់មកវិញ តែដូចជាមានសង្ឃឹមតិចណាស់៕