ខេត្តបាត់ដំបង ៖ ក្រោយពីមានការបង្ហោះនៅលើបណ្តាញសង្គមហេ្វសប៊ុក និងបណ្តាញសារព័ត៌ក្នុងស្រុកផ្សាយព្រោងព្រាត រឿងបុរសពិការឈ្មោះ អ៊ឹម សុភ័ក្រ រស់នៅខេត្តបាត់ដំបង ខំដាំស្ពៃជើងទាតែតម្លៃចុះថោកពេក រហូតបុរសខាងលើរូបនេះ ប្រកាសឲ្យអ្នកស្រុកមកកាត់យកស្ពៃរបស់ខ្លួន ដោយឥតគិតថ្លៃនោះ នៅពេលនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់តំបង បានចេញមកពន្យល់ និងសន្យាដោះស្រាយឲ្យទទួលបានតម្លៃសមរម្យ។


យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរកសិកម្មខេត្តបាត់ដំបង បានបញ្ជាក់ថា បន្ទាប់បីទទួលដំណឹងនៃការធ្លាក់ចុះតម្លៃស្ពៃរបស់កសិករ អ៊ឹម សភ័ក្រ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ប្រធានមន្ទីរកសិកម្ម បានបញ្ជូនក្រុមការងារចុះទៅជួបជាមួយ លោក អ៊ឹម សុភ័ក្រ ជាម្ចាស់ចំការបានឆ្លើយថា មូលហេតុដែលលោកប្រកាសជូន ដល់ប្រជាពលរដ្ឋមកកាត់ស្ពៃព្រោះ ទី១៖ ស្ពៃរបស់គាត់មានជំងឺធ្វើឲ្យគុណភាពធ្លាក់ចុះ ទី២៖ តម្រូវការដីសម្រាប់ដាំដុះដំណាំបន្តទៀត ទី៣៖ តម្លៃធ្លាក់ចុះ និងស្ទើរគ្មានអ្នកទិញ ទី៤៖ គាត់ចង់ចែកចាយស្ពៃរបស់គាត់ជូនដល់អ្នកដទៃ ដើម្បីជាការធ្វើបុណ្យផង។
មន្ទីរកសិកម្មខេត្តបាត់ដំបង បញ្ជាក់ទៀតថា ករណីផលិតផលស្ពៃគ្មានទីផ្សារនេះ មន្ទីរបានចាត់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវទៅលើករណីនេះ ជាបន្ទាន់ឃើញថា លោក អ៊ឹម សុភ័ក្រ ជាម្ចាស់ចំការបានលក់ចេញបាន៧០ភាគរយ ក្នុងតម្លៃ៥០០រៀលក្នុង១គីឡូក្រាម នៅសល់៣០ភាគរយទៀត ប្រហែល១០តោន មានតម្លៃត្រឹមតែ៣០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។


មន្ទីរកសិកម្មបានបញ្ជាក់ទៀតថា ក្នុងឆ្នាំនេះ កសិករនាំគ្នាដាំដុះសំណាំបន្លែស្ពៃជើងទារ ស្ទើរគ្រប់ទីកន្លែងដែលនាំឲ្យការប្រមូលផលបន្លែនេះ មានបរិមាណច្រើនលើសតម្រូវការ។ មន្ទីរកសិកម្ម ក៏បានសហការជាមួយសភាពាណិជ្ជកម្មខេត្ត ក្នុងការស្វែងរកដំណោះស្រាយជូន ដល់លោក អ៊ឹម សុភ័ក្រ ដោយមន្ត្រីសភាពាណិជ្ជកម្ម បានសន្យាថា នឹងផ្តល់តម្លៃសមរម្យជូនគាត់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ។ មន្ទីរកសិកម្មនឹងគ្រោងបង្កើតបណ្តុំអាជីវកម្មបន្លែ ដើម្បីរៀបចំផែនការ ផលិតឆ្ពោះទៅកាន់ទីផ្សារ និងជំរុញឲ្យកសិកររៀបចំធ្វើ ផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅតំបន់ផងដែរ។
មន្ទីរកសិកម្ម ក៏សូមសំណូមពរដល់កសិករគួរតែយកចិត្តទុកដាក់ទៅលើការ រៀបចំផែនការដាំដុះមុខដំណាំឲ្យបានច្បាស់លាស់ ជៀសវាងការដាំដុះដំណាំតែមួយមុខដូចគ្នា និងពេលវេលាតែមួយ ដែលជាមូលហេតុធ្វើឲ្យតម្លៃទីផ្សារធ្លាក់ចុះជាគំហុក (ផលិតផលលើកបរិមាណតម្រូវការទីផ្សារ) ដែលជាកត្តាសត្យានុម័ត។


សូមប្រិយមិត្តអានសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់តំបង ទាំងស្រុងដូចខាងក្រោម៖