រយៈពេល២ថ្ងៃហើយ ការប៉ះទង្គិចយ៉ាងហិង្សា បានអូសបន្លាយរហូតដល់ព្រលឹមថ្ងៃទី១៩ ខែវិច្ឆិកា ២០១៩នេះ រវាងក្រុមបាតុករហុងកុងរាប់សិបនាក់ និងប៉ូលិសដែលបានគំរាមប្រើវិធានការក្តៅ ដើម្បីវាយបំបែកក្រុមបាតុករ ដែលបានចូលលាក់ខ្លួននៅសកលវិទ្យាល័យ Polytechnic ហុងកុង (PolyU) ។ ការឡោមព័ទ្ធសកលវិទ្យាល័យ បានក្លាយជាសមរភូមិឆន្ទៈមួយរវាងកម្លាំងប៉ូលីសហុងកុង និងចលនាតវ៉ាថ្មីរបស់ក្រុមបាតុករ ។
ប៉ូលិសហុងកុង ចាប់ផ្តើមប្រើឧបករណ៍(LRAD) បញ្ចេញសំឡេង ជាលើកដំបូងប្រឆាំងនឹងក្រុមបាតុករ ។ គេអាចឮសំឡេងវា «វូៗ» ចេញពីរថពាស របស់ប៉ូលិស ។
ឧបករណ៍បញ្ចេញសំឡេងនេះប៉ូលិសហុងកុង បានទិញវាកាលពី១០ឆ្នាំមុន ប៉ុន្តែមិនបានប្រើប្រាស់វា ដោយសារតែមានភាពចម្រូងចម្រាស ដោយពួកសកម្មជន អះអាងថា (LRAD) ជាសព្វាវុធ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ។
បើតាមអ្នកនាំពាក្យប៉ូលិស បានបដិសេធថា វាមិនមែនជាសព្វាវុធទេ តែជា«ប្រព័ន្ធផ្សព្វផ្សាយមួយ» ។ (LRAD) វាមិនមែនជាសំឡេងនាំអោយវិលមុខ ក្អួតចង្អោរ ឬធ្វើអោយវង្វេងទេ ទាំងនេះជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ វាមិនពិតទេ ។
អ្នកនាំពាក្យ អះអាងថា កងកម្លាំងប៉ូលិសបានប្រើឧបករណ៍បញ្ចេញសំឡេងចម្ងាយឆ្ងាយ ដែលត្រូវបានបំពាក់លើរថពាសដែក ដើម្បីចេញសារព្រមានទៅកាន់ក្រុមកុបករ ។ ឧបករណ៍នេះអាចបញ្ជូនសារសំខាន់ៗ បានឆ្ងាយ ក្នុងបរិយាកាសអ៊ូអរ ។
ដោយឡែក បើតាមអ្នកជំនាញអាម៉េរិកវិញថា ឧបករណ៍នេះ មិនជាអាវុធទេ តែអ្នកប្រឆាំងតវ៉ា មានអារម្មណ៍ឈឺ ពេលទទួលរលកសំឡេងរបស់វា LRAD ។
នៅថ្ងៃព្រឹកទី១៩ វិច្ឆិកានេះ មេប៉ូលិសហុងកុង បានអំពាវនាវសុំសាធារណជនគាំទ្រ ដើម្បីបញ្ចប់ចលាចលដែលបានញាំញីទីក្រុងនេះអស់ជាង៥ខែមកនេះ នៅពេលកម្លាំងរបស់លោកឡោមព័ទ្ធចាប់ខ្លួនពួកអ្នកប្រឆាំងតវ៉ា នៅសកលវិទ្យាល័យមួយ ដែលអ្នកតវ៉ាប្រឆាំងប្រមាណ២០០នាក់ នៅសំងំក្នុងសកលវិទ្យាល័យនៅឡើយ ខណៈមួយចំនួនបានព្យាយាមគេខ្លួន ឬត្រូវចាប់ខ្លួនដោយប៉ូលិស៕