ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី ប៉េង ហួត បឹង​ស្នោរ​គម្រោង​ទី​១ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច កាលពី​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៩ ។

ជនសង្ស័យ​ភេទ​ប្រុស មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ជាក់ស្តែង ខណៈ​រូបគេ​ព្យាយាម​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​ពួក​គាត់​ក្នុង​បុរី ប៉េង ហួត បឹង​ស្នោរ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី ប៉េង ហួត បាន​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​មាន​ជនសង្ស័យ​ចូល​ទៅ​លួច​ទ្រព្យសម្បត្តិ​របស់​បងប្អូន ដែល​កំពុង​រស់នៅ​ក្នុង​បុរី​មួយ​នេះ ពោល​គឺ​ពេល​កន្លង​មក ក៏​ធ្លាប់​មាន​បាត់បង់​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​លើក​មក​ហើយ ទើបតែ​ពេល​នេះ ពួក​គាត់​ចាប់​បាន​ចោរ​ដោយ​ខ្លួនឯង ខណៈ​ដែល​រៀង​រាល់​ខែ ពួក​គាត់​ត្រូវ​តែ​បង់ថ្លៃ​សេវា​សន្តិសុខ​ជូន​បុរី មិន​ដែល​ខាន ដើម្បី​ការពារ​សុវត្ថិភាព ៕